ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមដែល​ដឹកនាំ​ការ​ចោទ​ប្រកាន់​ដក​ប្រធានាធិបតី៖ លោក Trump បាន​មើល​ការ​វាយ​ប្រហារ​វិមាន​សភា​តាម​ទូរទស្សន៍


រូប​ភាព​លើ​កញ្ចក់​កុំព្យូទ័រ​យួរដៃ​មួយ​គ្រឿង​បង្ហាញ​ពី​​លោកប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​វីដេអូ​មួយ​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី ​​Twitter របស់​សេតវិមាន នៅ​សេតវិមាន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

មេដឹកនាំ​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ចោទប្រកាន់​លោក​ប្រធានាធិបតី Donald Trump ពី​ការ​មិន​បាន​ចាត់វិធានការ​អ្វី​ទាំង​អស់​កាលពី​ថ្ងៃ​ទី៦ ខែ​មករា ដើម្បី​បញ្ឈប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​កុំ​ឲ្យ​វាយ​ប្រហារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​ចាញ់​ឆ្នោត​របស់​លោក។​

លោកJamie Raskin សមាជិក​រដ្ឋ​សភា​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា៖ «លោក​ប្រធានាធិបតី បាន​មើល​ទូរទស្សន៍​នៅ​ពេល​ដែល​កុបកម្ម​វាយ​ប្រហារសភា គឺ​ដូច​ជា​ពេល​ពិធី​ជប់​លៀង​ក្រុមបោះបោរ​មួយ​អញ្ចឹង»។

គេ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទនៃ​ការ​កាត់ទោស​ចោទ​ប្រកាន់​លោក​ Trump ដកពី​តំណែង​ នៅ​ក្នុង​ព្រឹទ្ធសភា​ លើ​បទ​ចោទប្រកាន់​ថា លោក​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​ដោយ​បាន​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​រាប់ពាន់​នាក់​ដើម្បី​ប្រែក្រឡាស់​ការ​ចាញ់​ចាញ់ឆ្នោត​របស់លោក​ចំពោះប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ដែល​មាន​គម្រោង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​រសៀល​ថ្ងៃ​ពុធ។

ក្រុម​បាតុករ​បាន​បុក​ទម្លាយជម្នះ​ក្រុម​អាជ្ញាធរ​ដើម្បីចូល​ក្នុង​អគារ​សភា​កាលពី​ថ្ងៃ​ទី៦ ខែ​មករា ​រុះរើ​ការិយាល័យ​របស់​សមាជិក​សភា​ខ្លះ​ ហើយ​បាន​វាយប្រតាយប្រតប់​ជាមួយ​ប៉ូលិស ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៥នាក់​ស្លាប់ រួម​ទាំង​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ការ​ស្លាប់​នោះ​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ថា​ជា​មនុស្ស​ឃាត។

បន្ទាប់ពី​ភាព​ច្របូក​ច្របល់​អស់​រាប់សិប​ម៉ោង​នៅ​ក្នុង​អគារ​សភា​មក លោក​ប្រធានាធិបតី Trump បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​លោក «ត្រឡប់​ទៅ​ផ្ទះ​វិញ» ក៏​ប៉ុន្តែ​បាន​និយាយ​ថា៖ «យើង​ស្រឡាញ់​អ្នក។ អ្នក​ជា​មនុស្ស​ពិសេស​ណាស់»។

បន្ទាប់ពី​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង​ដោយ​រដ្ឋសភា​កាល​ពី​សប្តាហ៍​មុន​មក លោក Trump បាន​សម្តែង​នូវ​សេចក្តី​សោកស្តាយ​ចំពោះ​ហិង្សានៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​វីដេអូ​ដោយ​និយាយ​ថា៖ «អំពើ​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ ជា​ការ​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​ប្រទេស​របស់​យើង​និងក្នុង​ចលនា​របស់​យើង​ទេ។ ចលនា «ការ​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​អស្ចារ្ស​ម្តង​ទៀត»​ (Making America Great Again)​ ជានិច្ចកាល​ ផ្តោត​លើ​ការ​ការពារ​នីតិរដ្ឋ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG