ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ​គំរាម​យកពន្ធ​លើរថយន្ត​អឺរ៉ុប​ពេលផ្ទុះ​ជម្លោះ​សម្តី​ក្នុងបញ្ហា​ពាណិជ្ជកម្ម


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ​ និង​ភរិយា​ដើរ​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី​០៣ មីនា ២០១៨។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ​ និង​ភរិយា​ដើរ​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី​០៣ មីនា ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​បាន​គំរាម​កាលពីថ្ងៃសៅរ៍​ថា​នឹង​យកពន្ធ​រថយន្ត​របស់​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ប្រសិនបើ​សហភាព​អឺរ៉ុប​សងសឹក​ចំពោះ​ផែនការ​របស់​លោក​ដែល​គ្រោង​យកពន្ធ​លើ​ដែកថែកនិង​អាលុយមីញ៉ូម​ដែល​នាំចូល។

នៅក្នុង​សារតាម​ប្រព័ន្ធ​ធ្វីតថឺ​ (Twitter) កាលពីថ្ងៃសៅរ៍​លោក​ត្រាំ​បាន​សរសេរ​ថា​សហរដ្ឋ​អាមេរិក​មាន​អតុល្យភាព​សេដ្ឋកិច្ច​ចំនួន​ «៨០០ពាន់លាន​ដុល្លាររាល់ឆ្នាំ‍»​ ដោយសារតែ​គោលនយោបាយ​និង​កិច្ចព្រមព្រៀង​«ឆ្កួត​ខ្លាំង‍»​។ លោក​បាន​ព្រមាន​ថា​ប្រសិនបើ​សហគមន៍​អឺរ៉ុប​បង្កើន ​«របាំងពន្ធ‍» ​ប្រឆាំង​នឹង ទំនិញ​ផលិត​នៅសហរដ្ឋ​អាមេរិក​គឺ​ «យើង​នឹង​បន្ថែម​ពន្ធ​លើ​រថយន្ត​របស់​ពួកគេ​វិញ‍»។

នៅពេល​បច្ចុប្បន្ននេះ​ សហរដ្ឋ​អាមេរិក​យក​ពន្ធ​លើ​រថយន្ត​ដែលផលិត​នៅសហភាព​អឺរ៉ុប​តែ​ចំនួន​២,៥ភាគរយទេប៉ុន្តែ​អឺរ៉ុប​យក​ពន្ធ​លើ​រថយន្ត​ដែល​ផលិត​នៅសហរដ្ឋ​អាមេរិក​ដល់​ទៅ​១០​ភាគរយ។

កាលពីដើម​សប្តាហ៍​មុន​ លោក​ត្រាំ​បាន​ប្រកាស​ថា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​លោក​នឹង​យក​ពន្ធ​ដែកថែប​នាំ​ចូល​ចំនួន​២៥ភាគរយ​និង​១០ភាគរយលើ​អាលុយមីញ៉ូម។ លោក​បន្ថែម​ថា​ពន្ធ​នាំចូល​នេះ​នឹង​មានរយៈ​ពេល​យូរ។

សារតាម​ប្រព័ន្ធ​ធ្វីតថឺ របស់លោកត្រាំ​ហាក់ដូច​ជា​ការឆ្លើយតប​នឹង​ការព្រមាន​របស់​ប្រធាន​សហគមន៍​អឺរ៉ុប​គឺ​លោកហ្សង់ខ្លូត​ ចាំងឃឺ (Jean-Claude Juncker) ​ដែល​ថា​អឺរ៉ុប​នឹង​ឆ្លើយតប​វិញ​ដោយ​យក​ពន្ធ​ផលិតផល​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ដូច​ជាស្រាវីស្គី​ អាមេរិកាំង​ និង​ម៉ូតូធំៗ ជាដើម៕

XS
SM
MD
LG