នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតីស.រ.អា. Donald Trump បានប្តេជ្ញាថានឹងធ្វើ «អ្វីទាំងអស់ដែលខ្ញុំអាចធ្វើបាន» ដើម្បីនាំឱ្យមានសន្តិភាពនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា ដែលជាការនិយាយជាថ្មីនូវមនោសញ្ចេតនារបស់ពួកអ្នកកាន់តំណែងមុនលោកដែលបានខិតខំព្យាយាមហើយគ្មានជោគជ័យក្នុងការសម្រេចគោលដៅនេះ។
កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការធ្វើឱ្យមានសន្តិភាពមានឡើងនៅមុននេះនៅពេលដែលរដ្ឋបាល Trump ជួបប្រទះបញ្ហានយោបាយក្នុងប្រទេស ដែលជាផ្នែកមួយបណ្តាលមកពីអត្ថាធិប្បាយដោយផ្ទាល់របស់លោកប្រធានាធិបតី។
លោក Trump បាននិយាយនៅក្រោយជំនួបមួយម៉ោងរបស់លោកនៅថ្ងៃអង្គារនេះនៅក្នុងក្រុង Bethlehem ជាមួយលោក Mahmoud Abbas ប្រធាននៃអាជ្ញាធរប៉ាឡេស្ទីនថា «ខ្ញុំមានសេចក្តីសង្ឃឹមជាក់ច្បាស់ថាប្រទេសអាមេរិកអាចជួយអ៊ីស្រាអែល និងប៉ាឡេស្ទីនធ្វើឱ្យមានសន្តិភាព និងនាំឱ្យមានសេចក្តីសង្ឃឹមថ្មីដល់តំបន់នោះ និងប្រជារាស្ត្រនៃតំបន់នោះ»។
លោក Trump បាននិយាយបន្ថែមថា លោកមានជំនឿមុតមាំថា «ប្រសិនបើអ៊ីស្រាអែល និងប៉ាឡេស្ទីនអាចធ្វើឱ្យមានសន្តិភាព ការណ៍នេះនឹងចាប់ផ្តើមដំណើរការសន្តិភាពមួយនៅទូទាំងភូមិភាគមជ្ឈឹមបូព៌ា ហើយការណ៍នេះជាសមិទ្ធិផលអស្ចារ្យមួយ»។
ថ្លែងនៅជិតលោក Trump លោក Abbas បានមានប្រសាសន៍ថា បញ្ហាជាមូលដ្ឋានសម្រាប់ជនជាតិប៉ាឡេស្ទីនគឺមានជាមួយការកាន់កាប់ និងការតាំងលំនៅដ្ឋានអ៊ីស្រាអែល និងបរាជ័យរបស់អ៊ីស្រាអែលក្នុងការទទួលស្គាល់ប៉ាឡេស្ទីន៕