ប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយថា កងកម្លាំងពិសេសស.រ.អា.ចាប់បានជនសកម្មប្រយុទ្ធម្នាក់មានទាក់ទិននឹងការវាយប្រហារដ៏ប្រល័យកាលពីឆ្នាំ២០១២លើស្ថានកុងស៊ុលស.រ.អា.ក្នុងក្រុង Benghazi ប្រទេសលីប៊ី។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីសេតវិមានថា «ការចងចាំរបស់យើងមានរយៈពេលយូរហើយការទៅដល់របស់យើងមានវែងឆ្ងាយហើយយើងនឹងមិនឈប់សម្រាកទេនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីស្វែងរក និងនាំខ្លួនពួកជនប្រព្រឹត្តបទឧក្រិដ្ឋនៃការវាយប្រហារដ៏សាហាវយង់ឃ្នងនៅក្នុងក្រុង Benghazi ទៅឱ្យតុលាការកាត់ទោស»។
លោកប្រធានាធិបតី Trump បានថ្លែងថាគាត់បានអនុញ្ញាតឱ្យមានកិច្ចប្រតិបត្តិការដែលនាំទៅកាន់ការចាប់ខ្លួនឈ្មោះ Musrafa al-Imam នៅក្នុងក្រុង Misrata នៅជាប់ឆ្នេរសមុទ្រខាងជើងនៃប្រទេសលីប៊ី។
គ្មានសេចក្តីល្អិតល្អន់នៃកិច្ចប្រតិបត្តិការនេះទេ។ ឈ្មោះ Al-Imam កំពុងស្ថិតក្នុងការឃុំឃាំងរបស់ស.រ.អា. ហើយកំពុងត្រូវនាំខ្លួនមកកាន់ប្រទេសអាមេរិកដើម្បីកាត់ទោស។
លោកប្រធានាធិបតី Trump បាននិយាយថា «ស.រ.អា.នឹងបន្តគាំទ្រពួកដៃគូលីប៊ីរបស់យើងដើម្បីធ្វើឱ្យប្រាកដប្រជាថាពួក ISIS និងពួកភេរវជនឯទៀតៗមិនប្រើប្រាស់ប្រទេសលីប៊ីជាកន្លែងជ្រកកោនសុខសាន្តដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងពួកពលរដ្ឋ និងអត្ថប្រយោជន៍ស.រ.អា. ជនជាតិលីប៊ី និងមនុស្សឯទៀតៗ»។
ការវាយប្រហារកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១២លើអាគារការទូតស.រ.អា.មានកំផែងព័ទ្ធជុំវិញក្នុងក្រុង Benghazi ដោយពួកជនសកម្មប្រយុទ្ធឥស្លាមបានបណ្តាលឱ្យលោកឯកអគ្គរដ្ឋទូតស.រ.អា. Christopher Stevens និងជនជាតិអាមេរិកាំងបីនាក់ទៀតបាត់បង់ជីវិត៕