លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយវាយប្រហារថ្មីទៀតកាលពីថ្ងៃអាទិត្យ ទៅលើគោលដៅពីរធំៗរបស់លោក គឺសមាជិកគណបក្សប្រជាធិបតេយ្យដែលប្រឆាំងនឹងលោក និងបណ្តាញសារព័ត៌មានជាតិ។
នៅក្នុងប្រអប់បញ្ចេញមតិជាបន្តបន្ទាប់លើបណ្តាញសង្គម Twitter មេដឹកនាំអាមេរិករូបនេះបានអះអាងថា សមាជិកគណបក្សប្រជាធិបតេយ្យបន្ត «រារាំងដល់ការតែងតាំងមនុស្សរាប់រយនាក់ដែលល្អនិងមានសមត្ថភាព សម្រាប់ជួយដល់រដ្ឋាភិបាលអាមេរិក»។ លោកបានថ្លែងថា មានតំណែងការងារទំនេរមួយចំនួននៅក្នុងក្រសួងការបរទេស។
លោកបាននិយាយថា «ឯកអគ្គរដ្ឋទូតនិងអ្នកផ្សេងទៀតជាច្រើនកំពុងតែធ្វើការយឺតយ៉ាវក្នុងដំណើរការតែងតាំងនេះ។ ព្រឹទ្ធសភាត្រូវតែអនុម័តក្នុងពេលឥឡូវនេះ»។
ក៏ប៉ុន្តែនៅក្នុងការកាន់តំណែងជាប្រធានាធិបតីរយៈពេល១៣ខែរបស់លោក លោក ត្រាំ មិនបានតែងតាំងមន្ត្រីសម្រាប់តំណែងសំខាន់ៗដែលនៅទំនេរនោះទេ ដោយរួមទាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូងផងដែរ បើទោះបីជាលោកបានព្រមព្រៀងថានឹងជួបប្រជុំត្រឹមខែឧសភា ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជុំវិញលទ្ធភាពនៃការបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក៏ដោយ។ មានមន្ត្រីចូលនិវត្តន៍ជាច្រើនក្នុងក្រសួងការបរទេសអាមេរិក ហើយលោករដ្ឋមន្ត្រីការបរទេស Rex Tillerson បានទុកតំណែងធំៗដែលនៅទំនេរចោល៕