ដោយនៅសល់តែបីថ្ងៃមុនការបញ្ចប់យុទ្ធនាការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក បេក្ខជនប្រធានាធិបតីទាំងពីររូប នៅក្នុងថ្ងៃសៅរ៍ នឹងធ្វើដំណើរទៅកាន់រដ្ឋដែលមានការប្រកួតប្រជែងស្វិតស្វាញថែមទៀត ដោយលោក Trumpនឹងធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania ខណៈដែលលោក Biden នឹងធ្វើដំណើរទៅកាន់រដ្ឋ Michigan។
លោក Biden នឹងធ្វើយុទ្ធនាការដោយមានការចូលរួមជាលើកដំបូងពីលោកអតីតប្រធានាធិបតី Barack Obama ក្នុងអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោតនោះ។ ឥស្សរជននយោបាយទាំងពីរ គ្រោងធ្វើដំណើរទៅកាន់ទីក្រុង Flint និង Detroit នៅថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃយុទ្ធនាការមានរយៈពេលពីរថ្ងៃ ក្នុងគោលបំណងពន្យល់ឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានច្រើនក្នុងរដ្ឋ Michigan។
នៅក្នុងទីក្រុង Detroit ឥស្សរជននយោបាយទាំងពីរ នឹងចូលរួមដោយតារាចម្រៀង Stevie Wonder ដែលគ្រោងនឹងសម្តែងកម្មវិធីជួបជុំនយោបាយ Rally តាមរថយន្ត។ លោក Wonder ធ្លាប់បានសម្តែងក្នុងកម្មវិធីជួបជុំនយោបាយជាច្រើនលើកកន្លងទៅ រួមទាំងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកអូបាម៉ា ក្នុងឆ្នាំ២០០៨ និង ឆ្នាំ២០១២ ហើយក៏ដូចជាក្នុងយុទ្ធនាការរបស់លោកស្រី Hillary Clinton កាលពីឆ្នាំ២០១៦ ផងដែរ។
គម្រោងលោក Trump វិញ គឺធ្វើការជួបប្រជុំ Rally ចំនួន៤ នៅពាសពេញរដ្ឋ Pennsylvania នៅថ្ងៃសៅរ៍។ លោក Trump ធ្លាប់ឈ្នះប្រកៀកប្រកិតនៅរដ្ឋនេះ ក្នុងឆ្នាំ២០១៦ ហើយលោកស្វះស្វែងរកជ័យជម្នះម្តងទៀតនៅក្នុងរដ្ឋនេះ។ ប៉ុន្តែការស្ទង់មតិវិញបង្ហាញថា លោក Biden មានប្រៀបជាងបន្តិចនៅទីនោះ។
រដ្ឋ Pennsylvania មានអង្គបោះឆ្នោត (electoral vote) ចំនួន ២០ ខណៈដែលរដ្ឋ Michigan មានចំនួន១៦ ហើយបេក្ខជននិមួយៗ ត្រូវឈ្នះឲ្យបានសំឡេងអង្គបោះឆ្នោតចំនួន២៧០ ដើម្បីអាចដណ្តើមដំណែងប្រធានាធិបតីបាន៕