ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden ធ្វើយុទ្ធនាការ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ខ្លាំង​នៅ​ភាគ​កណ្តាល​ប្រទេស


រូបផ្គុំ៖ លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅក្នុង​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ទីក្រុង Gastonia រដ្ឋ North Carolina កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
រូបផ្គុំ៖ លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅក្នុង​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ទីក្រុង Gastonia រដ្ឋ North Carolina កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

នៅ​សល់​តែប៉ុន្មាន​ថ្ងៃមុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅថ្ងៃ​អង្គារ ទី៣ ខែវិច្ឆិកា ខាង​មុខនេះ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ ​កំពុង​ផ្តោត​លើការ​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន​៤​ ដែល​ប្រទាញ​ប្រទង់​ខ្លាំង​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស។ ​

កាល​ពី​ថ្ងៃ​សុក្រ លោក ​Donald Trump ​បាន​ធ្វើ​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​រដ្ឋ ​Michigan, Minnesota និង​រដ្ឋ ​Wisconsin ​ក្នុង​ពេល​ដែល​លោក​អតីត​អនុប្រធានាធិបតី​ Joe Biden ​ធ្វើ​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​រដ្ឋ ​ Minnesota, Wisconsin​ និងរដ្ឋ ​Iowa។

រដ្ឋ Michigan មាន​អង្គ​បោះឆ្នោតសរុប​ចំនួន ​១៦ ​ហើយ​រដ្ឋ​ Minnesota និង​ Wisconsin មាន​អង្គ​បោះឆ្នោត ១០ ​ដូច​គ្នា ចំណែក​ Iowa មាន ៦។

ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​លោក​នៅ​ឯ​ពិធី​ជួបជុំ ​Rally​ តាម​រយៈ​ការ​បើក​រថយន្ត​ចូលរួម ​ក្នុង​កន្លែង​សួនកម្សាន្ត Iowa State ​Fairgrounds ​នៃ​ទីក្រុង​ Des Moines​ នៃរដ្ឋ Iowa​ កាល​ពី​ថ្ងៃ​សុក្រ​នោះ ​លោក​ Biden ​បាន​ថ្លែង​ថា ​លោក Trump ​បាន​ «បោះបង់​ចោល» ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ណា។ ​រដ្ឋ Iowa​ ជារដ្ឋ​ដែល​មាន​ការឆ្លងវីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ និង​ចំនួន​អ្នក​ជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ កើន​ខ្ពស់​មិន​ធ្លាប់​មាន ​នៅ​សប្តាហ៍​នេះ។

លោក ​Biden ថា៖ «យើង​មិន​ធ្វើ​ដូច​លោក​ត្រាំ​ទេ ​យើង​នឹង​មិន​ចុះ​ចាញ់​នឹង​វីរុស​ឡើយ»។

រីឯ​លោក Trump វិញ​ បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​ក្នុងការជួប​ប្រជុំ​មួយ​នៅ​រដ្ឋ Michigan ថា លោក Biden បាន​ទស្សន៍ទាយ​ថា យើង នឹង​មាន​ខែ​ត្រជាក់​ដ៏​ខ្មៅ​ងងឹត​មួយ ដោយ​សារតែវិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩។

លោក​ Trump ថ្លែង​ថា៖ «នៅ​ពេល​នេះ​ប្រទេស​យើង ​មិន​ត្រូវការរដូវ​ទឹកកក​ដ៏​ខ្មៅ​ងងឹត​បែប​នេះ​ និង​អ្នក​ដឹកនាំ​ម្នាក់ ​ដែល​លើក​យក​រឿង​នេះ​មក​និយាយ​ទេ»។

លោក ត្រាំ​ បាន​ថ្លែង​ថា​ វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ នឹង​អាច​ត្រូវ​ចេញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ប្រើប្រាស់​នៅប៉ុន្មាន​សប្តាហ៍​ខាងមុខ​ ហើយ​ថា​ នឹង​ចែក​ចាយ​មិន​គិត​ថ្លែ​ទេ​ «ព្រោះ[វិបត្តិ]​នេះ​ មិនមែន​ជា​កំហុស​ពលរដ្ឋ ​ឬ​ជា​កំហុស​នរណា​ម្នាក់​ទេ ​តែ​ជា​កំហុស​របស់​ប្រទេស​ចិន»។

ការ​ស្ទង់​មតិ​ថ្នាក់​ជាតិកន្លង​មក ​បង្ហាញ​ថា លោក​ Biden នាំ​មុខ​លោក​Trump ​ប្រមាណ ​៧ ឬ ៨ ភាគរយ ​ទោះ​បី​ជា​មាន​គម្លាត​ការ​គាំទ្រ​នេះ​ប្រកិតប្រគៀក​គ្នា​ជាង​នេះ​ នៅ​តាម​បណ្តា​រដ្ឋ​ដែល​អាច​មាន​ការ​ប្រែប្រួស​សំខាន់ៗ​ ដែល​ទំនង​ជាអ្នក​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ក៏​ដោយ៕

XS
SM
MD
LG