ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃការបោះឆ្នោត ប្រធានាធិបតីអាមេរិកបេក្ខជនប្រធានាធិបតីទាំងពីរ កំពុងផ្តោតលើកិច្ចប្រឹងប្រែងធ្វើយុទ្ធនាការនៅថ្ងៃសុក្រ ក្នុងរដ្ឋសំខាន់ៗបួន។
លោកប្រធានាធិបតី Donald Trump នឹងធ្វើយុទ្ធនាការនៅរដ្ឋ Michigan, Minnesota និងរដ្ឋ Wisconsin ស្របពេលដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Joe Biden នឹងធ្វើយុទ្ធនាការនៅក្នុងរដ្ឋ Minnesota, Wisconsin និងរដ្ឋ Iowa។
រដ្ឋ Michigan មានអង្គបោះឆ្នោតសរុបចំនួន ១៦ ហើយ រដ្ឋ Minnesota និង Wisconsin មានអង្គបោះឆ្នោត ១០ ដូចគ្នា ចំណែក Iowa មាន ៦។
កាលពីថ្ងៃព្រហស្បតិ៍ លោក Trump និងលោក Biden បានផោ្តតធ្វើយុទ្ធនាការឃោសនានៅរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដូចគ្នា ដែលជារដ្ឋលោកប្រធានាធិបតី Trump បានឈ្នះនៅក្នុងឆ្នាំ ២០១៦។
កាលពីថ្ងៃព្រហស្បតិ៍នោះដែរ លោក Trump គ្រោងនឹងទៅជួបជុំអ្នកគាំទ្រនៅរដ្ឋ North Carolina ប៉ុន្តែដោយសារអាកាសធាតុមិនល្អ ព្រឹត្តិការណ៍នោះត្រូវបានលើកពេលទៅថ្ងៃច័ន្ទសប្តាហ៍ក្រោយវិញ។
បើយោងតាមការស្ទង់មតិរួម ដែលចងក្រងដោយគេហទំព័រ Real Clear Politics លោក Biden និងលោក Trump ទទួលការគាំទ្រស្មើគ្នានៅរដ្ឋ Florida និង North Carolina ខណ:ដែលលោកTrump នៅពីក្រោយលោក Biden ក្នុងរដ្ឋ Michigan, Pennsylvania និងរដ្ឋ Wisconsin។
ការស្ទង់មតិថ្នាក់ជាតិកន្លងមក បង្ហាញថា លោក Biden នាំមុខលោកTrump ប្រមាណ ៧ ឬ ៨ ភាគរយ ទោះបីជាមានគម្លាតការគាំទ្រនេះប្រកិតប្រគៀកគ្នាជាងនេះ នៅតាមបណ្តារដ្ឋដែលអាចមានការប្រែប្រួសសំខាន់ៗ ដែលទំនងជាអ្នកកំណត់លទ្ធផលនៃការបោះឆ្នោតនេះក៏ដោយ។
ក្នុងរឿងដាច់ឡែកមួយទៀត ពលរដ្ឋអាមេរិកដែលបានបោះឆ្នោតរួចទៅហើយ នៅមុនថ្ងៃបោះឆ្នោតផ្លូវការក្នុងថ្ងៃអង្គារសប្ដាហ៍ក្រោយ មានចំនួនច្រើនមិនធ្លាប់មាន ដែលនេះជាលទ្ធផលនៃអារម្មណ៍គាំទ្រ ឬប្រឆាំងបេក្ខជនទាំងពីរ និងការចង់គេចពីក្រុមអ្នកបោះឆ្នោតច្រើន ដែលគេរំពឹងថា នឹងមាននៅតាមមណ្ឌលបោះឆ្នោតក្នុងថ្ងៃអង្គារ ខណៈបារម្ភពីការរាតត្បាតនៃជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃព្រហស្បតិ៍ មានពលរដ្ឋអាមេរិកជាង ៨០ លាននាក់ បានបោះឆ្នោតរួចទៅហើយ ដែលចំនួនស្មើនឹងពាក់កណ្តាលចំនួនអ្នកបោះឆ្នោតសរុបជាង ១៣៨ លាននាក់ នៅឆ្នាំ ២០១៦។ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយយោងមន្ត្រីនៅរដ្ឋ Texas ថា អ្នកបោះឆ្នោតចំនួន ៩ លាននាក់ ក្នុងរដ្ឋនេះ បានបោះរួចទៅហើយ ដែលចំនួននេះលើសចំនួនអ្នកបោះឆ្នោតសរុបក្នុងរដ្ឋនេះ កាលពីឆ្នាំ ២០១៦៕