ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ថវិកា​របស់​លោក ត្រាំ បង្កើន​ខាង​យោធា​និង​កាត់​បន្ថយ​កម្មវិធី​សង្គម


លោក Mick Mulvaney មន្ត្រី​កំពូល​​ទទួល​បន្ទុក​ខាង​ចាត់ចែង​ថវិកា​របស់​លោក Trump ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​សំណើ​ថវិកា​សម្រាប់​ឆ្នាំ២០១៨ របស់​លោក Trump នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
លោក Mick Mulvaney មន្ត្រី​កំពូល​​ទទួល​បន្ទុក​ខាង​ចាត់ចែង​ថវិកា​របស់​លោក Trump ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​សំណើ​ថវិកា​សម្រាប់​ឆ្នាំ២០១៨ របស់​លោក Trump នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump កំពុង​តែ​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ធំៗ​មួយ​ចំនួន ទៅ​លើ​ការ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ក្រុង Washington ក្នុង​ទឹក​ប្រាក់ ៤.១​លាន​លាន​ដុល្លារ ដោយ​បង្កើន​ការ​ចំណាយ​ទៅ​លើ​សន្តិសុខ​យោធា​នៅ​ព្រំដែន និង​សម្រាប់​អតីត​យុទ្ធជន។ សំណើ​ថវិកា​សម្រាប់​ឆ្នាំ​ក្រោយ​ដែល​ទើប​តែ​ប្រកាស​នេះ​ក៏​បាន​កាត់​បន្ថយ​ថវិកា​សម្រាប់​កម្មវិធី​នានា​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ជន​ក្រីក្រ​ផង​ដែរ។

លោក Mick Mulvaney មន្ត្រី​កំពូលទទួល​បន្ទុក​ខាង​ចាត់ចែង​ថវិកា​របស់​លោក Trump និយាយ​ថា នេះ​ជា​លើក​ទី​១ហើយ​ដែល​ថវិកា​នេះ​ផ្តោត​ទៅ​លើ​ទស្សនៈ​នៃ​ការ​ចំណាយ​របស់​អ្នក​បង់​ពន្ធ ជា​ជាង​ផ្តោត​ទៅ​លើ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​រដ្ឋាភិបាល។ ប្រធាន​ការិយាល័យ​គ្រប់គ្រង​និង​ថវិកា​រូប​នេះ​បាន​និយាយ​ថា ថវិកា​ចំណាយ​នេះ​គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​សន្យា​របស់​លោក Trump នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត និង​ជា​អាទិភាព​នៅ​ក្នុង​ផែនការ​អនុវត្ត។ លោក Mulvaney និយាយ​ថា ​វិធីសាស្ត្រ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ទៅ​លើ​ថវិកា​ក្នុង​រយៈពេល​១០​ឆ្នាំ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កើនឡើង​៣​ភាគរយ។

លោក Larry Summers អតីត​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​ និង​ជា​សេដ្ឋវិទូ​នៅ​ធនាគារ​ពិភពលោក បាន​ហៅ​ការ​សន្មត់​សុទិដ្ឋិនិយម​ទៅ​លើ​សេដ្ឋកិច្ច​តាមរយៈ​ការ​បែងចែក​ថវិកា​នេះ ថា​មាន​លក្ខណៈ​គួរ​ឲ្យ​អស់​សំណើច។ នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​នៅ​ក្នុង​កាសែត Washington Post​ លោក​មាន​ប្រសាសន៍​ថា ឥទ្ធិពល​ទៅ​លើ​ពលរដ្ឋអាមេរិកាំង​ដែល​មាន​ប្រាក់​ចំណូល​ទាប​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

សំណើ​ថវិកា​របស់​លោក​ប្រធានាធិបតី ត្រូវ​អនុម័ត​ដោយ​សភា ដូច្នេះ​លទ្ធផល​សម្រេច​ចុងក្រោយ​អាច​នឹង​ខុស​ពី​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​ស្នើ​ទៅ។ សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រឆាំង​នឹង​ផែនការ​ជាច្រើន​របស់​លោក Trump ហើយ​សម្ព័ន្ធមិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ប្រធានាធិបតី​នៅ​ក្នុង​សភា​ក៏​មាន​ការ​បែងចែក​គ្នា​ទៅ​លើ​បញ្ហា​ថវិកា​មួយ​ចំនួន​ផង​ដែរ៕

XS
SM
MD
LG