ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹកប្រាក់ចំនួន៣ពាន់៤រយលានដុល្លារត្រូវបានសន្យាជួយជនភៀសខ្លួន​វ៉េណេស៊ុយអេឡា


រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាស់អំឡុងពេលដើរចេញនៅខាងក្រៅ នៅក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាស់អំឡុងពេលដើរចេញនៅខាងក្រៅ នៅក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

ប្រទេសជាង៦០ បានសន្យាផ្តល់ប្រាក់ប្រហែល៣ពាន់៤រយលានដុល្លារដើម្បី ជួយ ជនភៀសខ្លួនវ៉េណេស៊ុយអេឡាដែលបានរត់គេចចេញពីភាពក្រីក្រ អំពើហិង្សា និងការជិះជាន់សង្កត់សង្កិននៅឯមាតុភូមិ។

ថវិកានេះកើតមានឡើងក្នុងអំឡុងនៃសន្និសីទវីដេអូមួយកាលពីថ្ងៃអង្គារដែលបានធ្វើឡើងដោយប្រទេសកាណាដា ន័រវ៉េស អេស្ប៉ាញ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ហើយបានផ្សព្វផ្សាយតាមប្រព័ន្ធ YouTube។

សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់២រយលានដុល្លារសម្រាប់ជនភៀសខ្លួនវ៉េណេស៊ុយអេឡានិងអ្នកដែលស្ថិតនៅក្នុងប្រទេស។

លោក Filippo Grandi អគ្គស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានប្រាប់សន្និសីទនោះថា ការរាតត្បាតនៃមេរោគកូរ៉ូណាបានធ្វើឲ្យស្ថានភាពរបស់ជនភៀសខ្លួនកាន់តែអាក្រក់ឡើងៗ ពីព្រោះតែការបាត់បង់ឱកាសការងារនៅទូទាំងតំបន់អាមេរិកឡាទីន។

លោកបាននិយាយថា «ផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាការដាស់អារម្មណ៍សម្រាប់ប្រទេសនានានៅទូទាំងតំបន់អាមេរិកឡាទីននិងតំបន់ការ៉ាអ៊ីបហើយបានរុញច្រានពលរដ្ឋវ៉េណេស៊ុយអេឡាដែលរស់នៅទីនោះឲ្យធ្លាក់ចូលក្នុងភាពក្រីក្រ និងការអស់សង្ឃឹមយ៉ាងខ្លាំង»។

ក៏ប៉ុន្តែលោកស្រី Arancha Gonzales រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញបាននិយាយថា ថ្វីបើមានវិបត្តិសាកលលោកក៏ដោយ ពិភពលោកមិនបានបំភ្លេចវ៉េណេស៊ុយអេឡាទេ។

លោកស្រីរដ្ឋមន្រ្តីការបរទេសអេស្ប៉ាញ បានមានប្រសាសន៍ទៀតថា «ពលរដ្ឋ​វ៉េណេស៊ុយអេឡាមិននៅម្នាក់ឯងទេ»។

ជនភៀសខ្លួនវ៉េណេស៊ុយអេឡាប្រហែល៥លាននាក់ បានរត់គេចខ្លួនទៅកាន់ប្រទេសនានានៅក្បែនោះដូចជា ប្រទេសកូឡុំប៊ី ប៉េរូ និងឈីលី។ពលរដ្ឋវ៉េណេហ្ស៊ុយអេឡាជាច្រើន នៅតែឆ្លងកាត់ព្រំដែន ដើម្បីទិញម្ហូបអាហារនិងរបស់របរផ្សេងទៀត។

ថ្វីបើមានប្រេងដ៏ច្រើនមហិមាក៏ដោយ សេដ្ឋកិច្ចវ៉េណេស៊ុយអេឡាកំពុងមានបញ្ហា មួយផ្នែក ពីព្រោះតែការបរាជ័យនៃគោលនយោបាយសង្គមនិយមនិងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

XS
SM
MD
LG