ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អរគុណ​លោក Putin ដែល​បាន​កាត់​បន្ថយ​បុគ្គលិក​ការទូត​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​មាន​សន្និសីទ​កាសែត​ស្តី​ពី​បញ្ហា​សន្តិសុខ​នៅ​ក្លឹប​វាយ​កូនហ្គោល Trump National Golf Club ក្នុង​ក្រុង Bedminster កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​មាន​សន្និសីទ​កាសែត​ស្តី​ពី​បញ្ហា​សន្តិសុខ​នៅ​ក្លឹប​វាយ​កូនហ្គោល Trump National Golf Club ក្នុង​ក្រុង Bedminster កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតី​ស.រ.អា.​ លោក Donald Trump បាន​ផាត់​ចោលសេចក្តី​សម្រេចរបស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ការ​បណ្តេញ​ពួក​បុគ្គលិក​ការទូត​ស.រ.អា.​រាប់រយ​នាក់​ចេញ​ពី​ប្រទេស​រុស្ស៊ី​ ដោយ​គាត់​បាន​អរគុណ Putin ហើយ​គាត់​បាន​និយាយ​ទទូច​ថា​ចំណាត់ការ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ស.រ.អា.​សន្សំ​ប្រាក់​បាន​ច្រើន​គួរ​សម។

នៅ​ក្នុង​កំណត់​សម្គាល់​ជាច្រើន​របស់​គាត់​ដល់​ពួក​អ្នក​កាសែត​នៅ​ឯកន្លែង​លេង​កីឡា​កូន​ហ្គោល​របស់​គាត់​ក្នុង​ផ្នែក​កណ្តាល​នៃ​រដ្ឋ​ New Jersey កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Trump បាន​និយាយ​ថា​ «ខ្ញុំ​ចង់​អរគុណ​ Putin ពីព្រោះ​យើង​កំពុង​ខិតខំ​ព្យាយាម​កាត់បន្ថយ​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍ ខ្ញុំ​អរគុណ​ខ្លាំង​ណាស់​ដែលគាត់បើក​ឱ្យ​មនុស្ស​ច្រើន​នាក់​ចេញ​ពី​ប្រទេស​គាត់​ពី​ព្រោះនៅ​ពេល​នេះ​យើង​ត្រូវ​បង់ប្រាក់​បៀវត្សរ៍​តិច​ជាង​មុន»។ លោក​ប្រធានាធិបតី​ Trump​ បាន​និយាយ​បន្ថែម​ថា «...យើង​នឹង​សន្សំ​ប្រាក់​បាន​ច្រើន»។

គ្មាន​ប្រតិកម្ម​ជា​ផ្លូវការ​ជា​បន្ទាន់ពី​ក្រសួង​ការបរទេស​ស.រ.អា.​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក Trump ទេ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់​ពាក្យ​សម្តី​អតីត​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិកាំង​ម្នាក់​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​និយាយ​ថា ​ក្រសួង​នេះ «រន្ធត់ និង​វិលក្បុង» ដោយ​កំណត់​សម្គាល់​ទាំង​នេះ​របស់​លោក Trump។​

គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​តើ​លោក​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​និយាយ​លេង​សើច​នៅ​ក្នុង​កំណត់​សម្គាល់​ទាំង​នេះ​របស់​គាត់​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក Nicholas Burns សាស្ត្រាចារ្យ​នៅ​សាលា​រដ្ឋាភិបាល​នៃ​មហាវិទ្យាល័យ​ John F. Kennedy របស់​សាកល​វិទ្យាល័យ Harvard បាន​មាន​ប្រសាសន៍​ថា​ប្រសិន​បើ លោក Trump និយាយ​លេង​សើច «គាត់​គួរ​ដឹង​ល្អ​ប្រសើរ​ជាង​នេះ» ក៏​ប៉ុន្តែ​បើ​គាត់​មិន​និយាយ​លេង​សើចទេ អត្ថាធិប្បាយ​ទាំង​នេះ​ជា» ការ​មិន​ដែល​មាន​ពី​ពេល​មុនៗ​ទេ»។

សេតវិមាន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​បន្ទាន់​អំពី​កំណត់​សម្គាល់​ទាំង​នេះ​របស់​លោក​ប្រធានាធិបតី Trump ទេ។​ គេ​បាន​រិះគន់​លោក Trump ថា​ហាក់​ដូចជា​មិន​បាន​ប្រកាន់​គោលជំហរ​តឹងរ៉ឹង​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ទេ៕

XS
SM
MD
LG