លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានមានប្រសាសន៍ថា ចំណាត់ការខាងការទូតដែលបានធ្វើឡើងដោយប្រទេសរុស្ស៊ីនៅក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មកាលពីពេលថ្មីៗនេះ នឹងមិនធ្វើរុញរាដល់ការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់សន្តិសុខ ហើយនិងសម្ព័ន្ធមិត្តរបស់ខ្លួនទេ។
ថ្លែងកាលពីថ្ងៃអង្គារក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កហ្ស៊ី លោកអនុប្រធានាធិបតី Pence បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ដាក់ ទណ្ឌកម្មរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងត្រូវចុះហត្ថលេខានៅពេលឆាប់ៗនេះដែលនឹងបញ្ជូនសារយ៉ាងច្បាស់ថា សកម្មភាពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងការគាំទ្ររបស់ខ្លួនដល់ប្រទេសអ៊ីរ់ង់ និងស៊ីរីជាកាយវិការត្រូវតែធ្វើការផ្លាស់ប្តូរ។
សភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ការដាក់ទណ្ឌកម្មនេះដោយសំឡេងច្រើនលើសលុបដែលដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីចំពោះការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦ដើម្បីជួយឲ្យលោកត្រាំឈ្នះបានកាន់កាប់សេតវិមាន ខណៈនោះក៏ដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់និងកូរ៉េខាងជើងដែរ។ រុស្ស៊ីបានធ្វើការឆ្លើយតបដោយបានបញ្ជាឲ្យសហរដ្ឋអាមេរិកកាត់បន្ថយបុគ្គលិកការទូតរបស់ខ្លួនចំនួន៧៥៥នាក់នៅក្នុងប្រទេសរុស្ស៊ី។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence មានប្រសាសន៍ទៀតថា «លោកប្រធានាធិបតីត្រាំ និងសភារបស់យើងបានរួបរួមគ្នាក្នុងសាររបស់យើងផ្ញើទៅឲ្យប្រទេសរុស្ស៊ីថា ទំនាក់ទំនងដ៏ល្អមួយ ការលុបចោលការដាក់ទណ្ឌកម្ម នឹងតម្រូវឲ្យរុស្ស៊ីប្រែក្រឡាស់សកម្មភាពខ្លួនដែលបានរងការដាក់ទណ្ឌកម្មកាលពីដំបូង»។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence កំពុងធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដើម្បីបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តនៅក្នុងតំបន់៕