សមាជិកសភាខាងគណបក្សសាធារណរដ្ឋកំពុងចូលរួមជាមួយពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យរិះគន់លោកប្រធានាធិបតី Donald Trump ចំពោះអ្វីដែលមនុស្សជាច្រើនយល់ថាជាការរំលោភលើឯករាជ្យភាពរបស់តុលាការ។
លោកប្រធានាធិបតីកាលពីដើមសប្តាហ៍នេះបានរិះគន់លោករដ្ឋមន្រ្តីយុត្តិធម៌ជុំវិញការចោទប្រកាន់ក្រសួងយុត្តិធម៌ថាបានប្រឆាំងនឹងតំណាងរាស្ត្រពីរនាក់មកពីខាងគណបក្សសាធារណរដ្ឋ។ លោក Chris Collins ជាតំណាងរាស្ត្រមកពីរដ្ឋញ៉ូវយ៉កត្រូវបានចោទប្រកាន់ថាបានយកព័ត៌មានផ្ទៃក្នុងមកធ្វើអាជីវកម្មបម្រើប្រយោជន៍ខ្លួនឯង។ លោក Duncan Hunter តំណាងរាស្ត្រមកពីរដ្ឋកាលីហ្វ័រញ៉ាត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ថវិកាសម្រាប់ឃោសនាបោះឆ្នោតខុស។ អ្នកទាំងពីរមិនបានសារភាពទទួលកំហុសនោះទេ។
លោកប្រធានាធិបតីបានរិះគន់លោករដ្ឋមន្រ្តីយុត្តិធម៌ និងក្រសួងយុត្តិធម៌ជាយូរមកហើយពាក់ព័ន្ធនឹងករណីស៊ើបអង្កេតពីការជ្រៀតជ្រែងរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលដឹកនាំដោយរដ្ឋអាជ្ញាពិសេសលោក Robert Mueller។ ប៉ុន្តែការប្រកាសចុងក្រោយរបស់លោកប្រធានាធិបតីត្រូវបានច្រានចោលដោយក្រុមអ្នកជំនាញច្បាប់ និងសមាជិកនៅក្នុងគណបក្សរបស់លោកចំពោះការទាមទារឲ្យដាក់ក្តីបារម្ភនយោបាយនៅមុនច្បាប់ព្រហ្មទណ្ឌ។
លោក Paul Ryan ប្រធានរដ្ឋសភាបានប្រាប់សារព័ត៌មាន CNN ថា ក្រសួងយុត្តិធម៌គួរតែនៅឲ្យឆ្ងាយពីការងារនយោបាយ ហើយលោកយល់ស្របទៅនឹងការចោទប្រកាន់ប្រឆាំងនឹងតំណាងរាស្រ្តទាំងពីរនាក់នេះ។
លោក Ben Sasse សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Nebraska បានចេញសេចក្តីថ្លែងការមួយថាសហរដ្ឋអាមេរិកមិនមែនជាប្រទេសដែលគ្មានច្បាប់ទម្លាប់ ដោយមានប្រព័ន្ធយុត្តិធម៌ពីរមួយសម្រាប់ក្រុមសំឡេងភាគច្រើន និងមួយទៀតសម្រាប់ក្រុមសំឡេងភាគតិចនោះទេ។
លោក Jeff Flake សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Arizona បានសរសេរបង្ហោះតាម Twitter ថា លោក Trump កំពុងប្រើប្រាស់ក្រសួងយុត្តិធម៌ដើម្បីកែងចំណេញប្រយោជន៍នយោបាយ៕