លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ច្បាប់ប្រើប្រាស់កាំភ្លើងដែលតឹងរ៉ឹងជាងនេះនៅក្នុងសហរដ្ឋអាមេរិក នឹងមិនអាចទប់ស្កាត់ខ្មាន់កាំភ្លើងម្នាក់មិនឲ្យសម្លាប់មនុស្ស២៦នាក់នៅក្នុងហេតុការណ៍សម្លាប់រង្គាលនៅឯព្រះវិហារសាសនាគ្រិស្តមួយក្នុងរដ្ឋ តិចសាស បានឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រហែលជាអាចរារាំងដល់អ្នកនៅជិតកន្លែងកើតហេតុមិនឲ្យប្រឈមមុខតតាំងជាមួយនឹងជនដៃដល់នោះទៅវិញ។
ដោយកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អាស៊ីចំនួន៥ លោក ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារថា ប្រសិនបើមានការដាក់កំហិតទៅលើអ្នកទិញកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ប្រហែលជាមិនអាចមានមនុស្សក្លាហានម្នាក់ ដែលមានកាំភ្លើងខ្លីឬកាំភ្លើងវែងនៅក្នុងឃ្លុបរថយន្តtruck របស់គេ ហើយចេញទៅបាញ់ វាយដំ និងសម្លាប់ជនដៃដល់នោះទេ។
នៅពេលសួរថា លោកនឹងពិចារណាទៅលើគោលនយោបាយគ្រប់គ្រងការប្រើប្រាស់កាំភ្លើងក្រោយពីមានការសម្លាប់រង្គាលដ៏ធំទីពីរនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល៥សប្តាហ៍ដែរឬទេ លោក ត្រាំ បាននិយាយថា «ចូរអ្នកមើលទៅទីក្រុងមួយ ដែលមានច្បាប់ប្រើប្រាស់កាំភ្លើងតឹងរ៉ឹងបំផុតនៅក្នុងប្រទេសរបស់យើង គឺទីក្រុង Chicago ប៉ុន្តែទីក្រុង Chicago នេះ មានរឿងអាក្រក់ៗជាច្រើន គឺអាក្រក់ខ្លាំងមែនទែន។ សូមចងចាំថា បើបុរសជួយសង្គ្រោះម្នាក់នោះមិនមានកាំភ្លើងខ្លីឬកាំភ្លើងវែងទេនោះ ស្ថានភាពនឹងអាក្រក់ជាងនេះយ៉ាងខ្លាំងនៅក្នុងរដ្ឋ តិចសាស៕