ក្នុងពេលនេះដែរសមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យកំពុងតែរៀបចំបោះឆ្នោតអនុម័តសេចក្តីស្នើច្បាប់ថ្មីមួយចំនួនដើម្បីបើកដំណើរការក្រសួងដែលបានបិទ។
ក្នុងពេលបើកទំព័រសប្តាហ៍ថ្មីនេះនៅក្នុងសហរដ្ឋអាមេរិក មានមន្ត្រីរដ្ឋការរាប់ម៉ឺននាក់បន្តរង់ចាំនៅលំនៅដ្ឋាន ក្នុងខណៈពេលដែលមន្ត្រីរដ្ឋការជាច្រើនសែននាក់បន្តទៅធ្វើការដោយមិនដឹងថាតើពួកគេអាចនឹងទទួលបានប្រាក់បៀវត្សរ៍នៅពេលណាទេ។
លោកស្រីណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាជាតិបានមានប្រសាសន៍ក្នុងសប្តាហ៍នេះថាលោកស្រីនឹងរៀបចំអនុម័តសេចក្តីស្នើច្បាប់ចំណាយថវិកាសម្រាប់ក្រសួងនីមួយៗដើម្បីបើកឱ្យដំណើរការឡើងវិញ។ លោកស្រីបន្ថែមថាក្រសួងអាទិភាពគឺក្រសួងហិរញ្ញវត្ថុ និងទីភ្នាក់ងារប្រមូលពន្ធក្នុងប្រទេសដោយលោកស្រីចាត់ទុកថា «វាជាការចាំបាច់ដើម្បីឱ្យគ្រួសារដែលខិតខំ ធ្វើការបានទទួលប្រាក់សងថ្លៃពន្ធដារវិញតាមកាលកំណត់»។
លោក Mitch McConnell ប្រធានដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាបានច្រានចោលសេចក្តីស្នើច្បាប់លើកមុនរបស់រដ្ឋសភា ដែលនឹងផ្តល់ថវិកាដល់ក្រសួងរដ្ឋស្ទើរតែទាំងអស់រហូតដល់ដំណាច់ខែកញ្ញានិងផ្តល់ថវិកាដល់ក្រសួងសន្តិសុខមាតុភូមិតែមួយខែប៉ុណ្ណោះដើម្បីទុកពេលចរចាគ្នាទៀតពីបញ្ហាសន្តិសុខតាមព្រំដែន។ លោក McConnell បានហៅផែនការនោះថា «មិនមែនជាការចាប់ផ្តើមទេ»។
លោក Steny Hoyer ប្រធានដឹកនាំសំឡេងភាគច្រើននៃរដ្ឋសភាបានអំពាវនាវឱ្យលោក McConnell យកសេចក្តីស្នើច្បាប់ថ្មីទាំងអស់មកអនុម័តបន្ទាប់ពីរដ្ឋសភាបានអនុម័តរួច៕