ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ថវិកា​សម្រាប់​ជំនួយ​កូវីដ១៩ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ស្ដី​ពី​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ស្ដី​ពី​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ថវិកា​ដែល​មាន​ទឹក​ប្រាក់ ២,៣ លាន​លាន​ដុល្លារ ដែល​ក្នុង​នោះ ថវិកា​ចំនួន ៩០០ ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយ​កូវីដ១៩ និង​ថវិកា ១,៤ លាន​លាន​ដុល្លារ​ទៀត សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​ក្រោយ។

កន្លង​មក លោក Trump បាន​ហៅ​សំណើ​ច្បាប់​ដែល​សភា​ទាំង​ពីរ​ថ្នាក់​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន​នេះ ថា​ជា «ការ​អាម៉ាស់» និង​បាន​ជំទាស់​មិន​ព្រម​ចុះ​ហត្ថលេខា​ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​កូវីដ១៩ ចំនួន ២.០០០ ដុល្លារ ជាជាង ៦០០ ដុល្លារ​ដូច​ដែល​ចែង​នៅ​ក្នុង​សំណើ​ច្បាប់​នោះ។

ការ​ជំទាស់​របស់​លោក Trump នេះ បាន​បណ្ដាល​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំង​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជំរុញឲ្យ​លោក​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​នេះ។

ប្រសិនបើ​គ្មាន​ការ​ចុះ​ហត្ថលេខា​របស់​លោក Trump លើ​សំណើ​ច្បាប់​នេះ​ទេ នោះ​រដ្ឋាភិបាល​នឹង​ត្រូវ​បិទ​មួយ​ផ្នែក​ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក​នេះ​តទៅ។ ចំណែក​ឯ​ជំនួយ​ឧបត្ថម្ភ​សម្រាប់​អ្នក​បាត់បង់​ការងារ​ធ្វើ​ដោយសារ​កូវីដ១៩ និង​ការ​ការពារ​ពី​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ជួល បាន​ផុត​កំណត់​រួច​ហើយ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា បាន​សាទរ​ចំពោះ​ការ​ចុះ​ហត្ថលេខា​នេះ​របស់​លោក Trump។

លោក Trump បាន​និយាយ​នៅ​ពេល​ប្រកាស​អំពី​ការ​ចុះ​ហត្ថលេខា​របស់​លោក​ថា លោក​ក៏​បាន​ទទូច​ឲ្យ​មាន​ការ​កែប្រែ​លើ​សំណើ​ច្បាប់​នេះ​ផងដែរ ដោយ​ដក​ចេញ​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ចំណុច​មិន​បាន​ការ»។ ការ​ទាមទារ​ទាំង​នេះ​គឺ​គ្រាន់តែ​ជា​ការ​ស្នើ​ចំពោះ​សភា​ប៉ុណ្ណោះ ហើយ​នឹង​មិន​ជះ​ឥទ្ធិពល​ឲ្យ​មាន​ការ​កែប្រែ​ណា​មួយ​ចំពោះ​សំណើ​ច្បាប់​នេះ​ទេ។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​ប្រធានាធិបតី ខ្ញុំ​បាន​ប្រាប់​សភា​ថា ខ្ញុំ​ចង់​បាន​ការ​ចំណាយ​ដែល​មិន​ខ្ជះខ្ជាយ​ខ្លាំង និង​ចង់​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ៗ គឺ ២.០០០ ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ និង ៦០០ ដុល្លារ​សម្រាប់​កុមារ»៕

XS
SM
MD
LG