ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បោះឆ្នោត​វ៉េតូ​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​ថវិកា​​វិស័យ​ការពារ​ប្រទេស


ប្រធានាធិបតី Donald Trump និងភរិយាលោកស្រី Melania Trump ឡើងជិះយន្តហោះ Air Force One នៅមូលដ្ឋានទ័ពអាកាស Andrews នៅថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ ។ (AP)
ប្រធានាធិបតី Donald Trump និងភរិយាលោកស្រី Melania Trump ឡើងជិះយន្តហោះ Air Force One នៅមូលដ្ឋានទ័ពអាកាស Andrews នៅថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ ។ (AP)

ដោយ​ហៅ​សេចក្តី​ព្រាង​ច្បាប់​ការ​ចំណាយ​ខាងការពារ​ប្រទេស​ថា ជា«អំណោយ»​ដល់​ប្រទេស​ចិន​និង​រុស្ស៊ី លោក​ប្រធានាធិបតី Donald Trump កាលពីរសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​ព្រាងច្បាប់​ប្រចាំ​ឆ្នាំ​មួយ​នោះ។

សេចក្តី​ព្រាង​ច្បាប់​ការពារ​ជាតិ​ឬ National Defense Authorization Act នោះ​គ្រោង​នឹង​ផ្តល់​ថវិកា​ដល់​ក្រសួង​ការពារ​ប្រទេស​នូវ​ទឹក​ប្រាក់​ជាង​៧៤០​ពាន់​លាន​ដុល្លារ។​

លោក​ប្រធានាធិបតី Trump បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​នោះជា​យូរយារ​ណាស់​មក​ហើយ​ដោយ​បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​នោះ​ថា «ខ្សោយ» ហើយ​និយាយ​ថា លោក​នឹង​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​នោះ ប្រសិន​បើ វា​មិន​បាន​លុបចោល​ផ្នែក​២៣០​នៃ​ច្បាប់​ Communications Decency Act ​ឆ្នាំ​១៩៩៦ ដែល​ការពារ​ក្រុមហ៊ុន​បណ្តាញ​សង្គម​មិនឲ្យ​ទទួល​ខុសត្រូវចំពោះ​ខ្លឹមសារ​ដែលក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ភាគ​ច្រើន​ត្រូវ​ទទួល​ខុស​ត្រូវនោះ។

លោក​ប្រធានាធិបតី​ក៏​ចង់​ដក​ចេញ​ភាសា​ដែល​នឹងប្តូរ​ឈ្មោះមូលដ្ឋានយោធា​ខ្លះ​ដែល​បាន​ដាក់​ឈ្មោះ​របស់​មេដឹកនាំ​អតីត​រដ្ឋ​ខាង​ត្បូង ឬ Confederate។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ប្រធានាធិបតី បាន​និយាយ​ថា សេចក្តី​ព្រាងច្បាប់​នោះ «មិន​បាន​ដាក់​បញ្ចូល​វិធានការ​សន្តិសុខ​ជាតិ​សំខាន់ៗ រួម​មាន​មាត្រា​ដែល​មិន​គោរព​អតីត​យុទ្ធជន​របស់​យើង​និង​ប្រវត្តិ​របស់​យោធា​យើង ហើយ​នឹង​ប្រឆាំង​ការខំប្រឹងប្រែង​គោលនយោបាយ​របស់​រដ្ឋបាល​ខ្ញុំ​ដែល​យក​អាមេរិក​ជា​ចម្បងក្នុង​សកម្មភាព​សន្តិសុខ​ជាតិ​និង​គោល​នយោ បាយ​ការបរទេស​របស់​យើង។ វា​ជា​«អំណោយ»មួយ​ដល់​ប្រទេស​ចិន​និង​រុស្ស៊ី»។

លោក​ក៏​បាន​និយាយ​ដែរ​ថា សេចក្តី​ព្រាងច្បាប់​នេះ ធ្វើ​ឲ្យ​អន្តរាយ​អំណាច​របស់​លោក​ជា​អគ្គ​មេបញ្ជាការ​ដើម្បី​នាំ​កងទ័ព​អាមេរិក​មក​កាន់​ប្រទេស​វិញ។​

ការ​បោះឆ្នោត​វ៉េតូ​នេះ​កើត​មាន​ឡើង​បើ​ទោះ​បី​ជា​សមាជិក​ជា​ច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump រួម​ទាំង​ប្រធាន​ព្រឹទ្ធសភា​លោក Mitch McConnell ផង បាន​ទទូច​ឲ្យ​លោក​ប្រធានាធិបតី​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ។​

ទាំង​រដ្ឋសភា​និង​ព្រឹទ្ធសភា​អាមរិក​បាន​អនុម័ត​ដោយ​សំឡេងភាគ​ច្រើន​ដាច់​ខាត ដែល​នឹង​ជម្នះ​អំណាច​វ៉េតូ​របស់​ប្រធានាធិបតី៕

XS
SM
MD
LG