ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នៅ​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ជំនួយ​កូវីដ១៩ ដោយ​នៅ​ស្នើ​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ទទួល​បាន​ថវិកា ២ ពាន់​ដុល្លារ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ភរិយា អ្នកស្រី Melania Trump ដើរ​ទៅ​ឡើង​ជិះ​យន្ដហោះ Marine One នៅ​សេតវិមាន ថ្ងៃពុធ​ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ភរិយា អ្នកស្រី Melania Trump ដើរ​ទៅ​ឡើង​ជិះ​យន្ដហោះ Marine One នៅ​សេតវិមាន ថ្ងៃពុធ​ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មិន​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​កញ្ចប់​ថវិកា​ដែល​ផ្ដោត​លើ​ជំនួយ​កូវីដ១៩ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​នោះ​ទេ នៅ​មុន​ពាក់​កណ្ដាល​យប់​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឲ្យ​ការ​បង្កើន​ថវិកា​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការងារ​ធ្វើ និង​ការ​ការពារ​មិន​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ជួល​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ផុត​កំណត់​ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​តទៅ។

លោក Trump បាន​រិះគន់​ខ្លាំងៗ​លើ​សំណើ​ច្បាប់​កញ្ចប់​ថវិកា​នេះ​កាល​ពី​ដើម​សប្ដាហ៍​នេះ និង​បាន​បង្ហាញ​កាល​ពី​សៅរ៍​ម្សិលមិញ​នូវ​ការ​បន្ត​ជំទាស់​របស់​លោក​ចំពោះ​សំណើ​ច្បាប់​នេះ។

លោក​បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​ដ៏​អស្ចារ្យ​របស់​យើង​ទទួល​បាន​ថវិកា​ជំនួយ​ចំនួន ២.០០០ ដុល្លារ ជាជាង ៦០០ ដុល្លារ ដែល​ចែង​នៅ​ក្នុង​សំណើ​ច្បាប់​នេះ។ ជាង​នេះ​ទៀត ចូរ​បញ្ចប់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ផ្នែក​មិន​បាន​ការ»។

ការ​ស្នើ​របស់​លោក Trump នៅ​ក្នុង​ការ​ផ្ដល់​ប្រាក់​ជំនួយ​ចំនួន ២.០០០ ដុល្លារ​ដល់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ៗ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ជំទាស់​ទៅ​នឹង​សមាជិក​នានា​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក ដែល​កន្លង​មក​បាន​ប្រឆាំង​នឹង​ការ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ចង់​ឲ្យ​បាន​ប្រាក់​ជំនួយ​ច្រើន​សម្រាប់​ពលរដ្ឋ។

ពលរដ្ឋ​អាមេរិកាំង​ចំនួន ១៤ លាន​នាក់ នឹង​មិន​ទទួល​បាន​ប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ទៀត​ទេ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ការងារ។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden បាន​ស្នើ​ឲ្យ​លោក Trump ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​កញ្ចប់​ថវិកា​នេះ។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​បោះបង់​ចោល​នូវ​ការ​ទទួល​ខុស​ត្រូវ​នេះ​មាន​ផល​វិបាក​ដ៏​មហន្តរាយ។ …សំណើ​ច្បាប់​នេះ​គឺ​សំខាន់​ណាស់។ វា​ត្រូវការ​ការ​ចុះ​ហត្ថលេខា​ដើម្បី​ឲ្យ​បាន​ក្លាយជា​ច្បាប់​នៅ​ពេល​ឥឡូវ​នេះ»៕

XS
SM
MD
LG