ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យសញ្ញាកាលពីថ្ងៃ ព្រហស្បតិ៍ថា ក្នុងពេលឆាប់ៗនេះ លោកអាចនឹងប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្ន ហើយយកថវិកាសម្រាប់ផ្នែកយោធាទៅសាងសង់ជញ្ជាំងមួយនៅតាមបណ្តោយព្រំប្រទល់រវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។ លោកបានបរាជ័យក្នុងការបញ្ចុះបញ្ចូលសភាអាមេរិកឲ្យផ្តល់ថវិកាដោយផ្ទាល់សម្រាប់ការសាងសង់ជញ្ជាំងនេះ។
ខណៈដែលលោកធ្វើដំណើរទៅកាន់ទីក្រុង McAllen រដ្ឋ តិចសាស ដើម្បីពិនិត្យមើលទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងបង្ក្រាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំប្រទល់ លោក ត្រាំ បាននិយាយថា លោក«ប្រហែល»ជានឹងប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្ន ប្រសិនបើលោកមិនអាចឈានដល់កិច្ចព្រមព្រៀងមួយជាមួយនឹងសមាជិកខាងគណបក្សប្រជាធិបតេយ្យដែលប្រឆាំង ដើម្បីទទួលបានថវិកាសាងសង់ជញ្ជាំងទេនោះ។ កិច្ចពិភាក្សារវាងសេតវិមានជាមួយនឹងមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យ ដែលបដិសេធមិនព្រមផ្តល់ថវិកាសម្រាប់សាងសង់ជញ្ជាំងនោះ បានបរាជ័យកាលពីថ្ងៃពុធ ក្រោយពីរដ្ឋាភិបាលត្រូវបានបិទមួយផ្នែកអស់រយៈពេល ១៩ ថ្ងៃមកហើយ។
លោក ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា «ខ្ញុំមានសិទ្ធិពេញលេញក្នុងប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្ន។ ខ្ញុំមិនទាន់ធ្វើវាទេ ប៉ុន្តែខ្ញុំប្រហែលជាត្រូវធ្វើវា។ ប្រសិនបើការចរចាគ្នាមិនមានលទ្ធផលទេនោះ ខ្ញុំប្រហែលជាត្រូវធ្វើដូច្នេះហើយ។ ខ្ញុំប្រហែលជាត្រូវធ្វើវាជាក់ជាមិនខាន»៕