ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ថាលោក​នឹង​«រារាំង»ក្រុមហ៊ុន​ដែកថែប​ជប៉ុន Nippon Steel មិនឱ្យ​ទិញ​ក្រុមហ៊ុន US Steel​ របស់​អាមេរិក


រូបឯកសារ៖ ​ក្រុមហ៊ុន US Steel​ Mon Valley នៅ​ទីក្រុង​Clairton​ រដ្ឋ Pennsylvania កាលពីថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ ​ក្រុមហ៊ុន US Steel​ Mon Valley នៅ​ទីក្រុង​Clairton​ រដ្ឋ Pennsylvania កាលពីថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ២០២៤។

ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែងថា​ លោក​នឹង«រារាំង» ផែនការ​ទិញ​ក្រុមហ៊ុន US Steel​ ដោយ​ក្រុមហ៊ុន​ជប៉ុន Nippon Steel ក្នុង​តម្លៃ​១៤,៩ពាន់​លាន​ដុល្លារ​រួមបញ្ចូល​ទាំង​បំណុល។​ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Trump​ បាន​សរសេរ​លើ​វេទិកា​សង្គម​ Truth Social របស់​លោក ថា៖«ខ្ញុំប្រឆាំង​ទាំងស្រុង​លើ​ការ​ទិញ​ក្រុមហ៊ុន​ U.S. Steel ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​ដ៏​អស្ចារ្យ​និង​មាន​អំណាច​របស់​អាមេរិក ដោយ​ក្រុមហ៊ុន​បរទេស​ ហើយ​ក្នុង​ករណី​នេះ​គឺក្រុមហ៊ុនNippon Steel របស់​ជប៉ុន»។​

លោក Trump សរសេរ​ទៀតថា៖
«តាមរយៈ​ការផ្តល់​អត្ថប្រយោជន៍​ពន្ធ​និង​ពន្ធគយ យើងនឹងធ្វើ​ឱ្យ​ក្រុមហ៊ុន U.S. Steel ខ្លាំងក្លា​និង​អស្ចារ្យ​ម្តងទៀត​ ហើយ​វានឹង​កើតឡើង​ឆាប់​រហ័ស។ ក្នុងនាម​ជា​ប្រធានាធិបតី ខ្ញុំ​នឹងរារាំង​កិច្ចព្រមព្រៀង​នេះ​មិនឱ្យ​កើតមាន​ឡើង​ទេ»។​

ក្រុមហ៊ុន US Steel ប្រកែកថា ខ្លួន​ត្រូវការ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Nippon ដើម្បី​ធានា​ថា​មាន​ការ​វិនិយោគ​គ្រប់គ្រាន់​នៅ​រោងចក្រ Mon Valley របស់​ខ្លួន​នៅរដ្ឋ Pennsylvania ដែល​ខ្លួន​ប្រហែល​ត្រូវ​បិទ​បើ​ការ​លក់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រារាំង។​

ក្រុមហ៊ុន Nippon Steel បាន​ថ្លែង​ក្រោយ​អត្ថាធិប្បាយ​របស់ Trump ថា៖ «ខ្លួន​ប្តេជ្ញា​ការពារ​និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន US Steel រីកលូតលាស់​ដើម្បី​ពង្រឹង​ឧស្សាហកម្ម​អាមេរិក ពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុងស្រុក និងសន្តិសុខ​ជាតិ​អាមេរិក»។

លោក Biden ក៏​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ​ផងដែរ ដោយថ្លែងថា វា«សំខាន់» ដែលក្រុមហ៊ុន US Steel នៅ«រក្សា​ជា​ក្រុមហ៊ុន​ដែកថែបអាមេរិក ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​អាមេរិក​និង​ត្រូវ​ប្រតិបត្តិការ​ក្នុង​ស្រុក»។

កិច្ចព្រមព្រៀង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​អង្គភាព​មួយ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ អ្នកស្រី Janet Yellen ដែល​ធ្វើ​សវនកម្ម​លើ​ការ​ទិញ​ក្រុមហ៊ុន​អាមេរិក​នានាដែល​ហៅ​ថា​ គណកម្មការធិការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាមេរិក៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG