លោកប្រធានាធិបតីអាមេរិក Donald Trump ថ្លែងថា ក្រុមមន្ត្រីរុស្ស៊ី «ច្បាស់ជាកំពុងសើចចំអក» ឲ្យសហរដ្ឋអាមេរិក ចំពោះការបង្កើនការស៊ើបអង្កេតរបស់អាមេរិកទៅលើការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលលោកបានអះអាងថាគឺជា «លេសដ៏អន់មួយ» ដែលសមាជិកគណបក្សប្រជាធិបតេយ្យដែលប្រឆាំងនឹងរូបលោក ប្រើប្រាស់ដើម្បីពន្យល់អំពីការចាញ់នៅក្នុងការប្រជែងយកតំណែងនៅសេតវិមាន។
នៅក្នុងប្រអប់បញ្ចេញមតិមួយលើបណ្តាញសង្គម Twitter កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា ការស៊ើបអង្កេតករណីពាក់ព័ន្ធនឹងជំនួយការយុទ្ធនាការបោះឆ្នោតរបស់លោក Trump និងភ្នាក់ងាររបស់រុស្ស៊ី ដែលមានគោលបំណងជួយលោកឲ្យឈ្នះនៅក្នុងការបោះឆ្នោត គឺជាព័ត៌មានក្លែងក្លាយ។
លោកស្រី Hillary Clinton ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបន្ទោសមួយផ្នែកទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត ដែលធ្វើឲ្យលោកស្រីចាញ់លោក Trump នៅក្នុងការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតី។ ប៉ុន្តែលោក Trump មិនគាំទ្រលើការស៊ើបអង្កេតនេះទេ បើទោះបីជាក្រសួងយុត្តិធម៌របស់លោកបានតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ដើម្បីពិនិត្យមើលទៅលើការស៊ើបអង្កេតនេះ ដើម្បីពិនិត្យមើលថាតើជំនួយការយុទ្ធនាការបោះឆ្នោតរបស់លោកបានឃុបឃិតដោយខុសច្បាប់ជាមួយនឹងរុស្ស៊ីឬយ៉ាងណា ហើយគណៈកម្មាធិការសភាមួយចំនួនបានចាប់ផ្តើមរកឃើញការពិតមួយចំនួនទៀតផង៕