លោកប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយដោយសើចតិចៗនៅក្នុងពីធីជប់លៀងអាហារពេលយប់កាលពីយប់ថ្ងៃព្រហស្បតិ៍ដែលលោកបានចាត់ចែងសម្រាប់លោកប្រធានាធិបតីចិន Xi Jinping ថានៅក្រោយការពិភាក្សាគ្នាយ៉ាងយូរ «ខ្ញុំមិនបានទទួលអ្វីសោះ គ្មានបានអ្វីសោះ» ពីភ្ញៀវរបស់លោក។ ក៏ប៉ុន្តែលោក Trump បាននិយាយបន្ថែមថា មេដឹកនាំទាំងពីរនាក់ ដែលបាននិយាយគ្នាកាលពីពេលមុននៅឯកន្លែងសម្រាកកាយរបស់ប្រធានាធិបតីក្នុងរដ្ឋ Florida បាន «អភិវឌ្ឍន៍មិត្តភាពមួយ» យ៉ាងឆាប់រហ័សហើយលោកបានទស្សន៍ទាយថា «ក្នុងរយៈពេលយូរយើងនឹងមានទំនាក់ទំនងល្អប្រសើរខ្លាំងណាស់ហើយខ្ញុំទន្ទឹងរង់ចាំពេលនោះ»។
លោកប្រធានាធិបតី Xi Jinping មិនបានធ្វើកំណត់សម្គាល់អ្វីទេនៅពេលដែលពួកអ្នកកាសែតស្ថិតនៅក្នុងបន្ទប់អាហារពេលយប់នៅ Mar-a-Largo ហើយប្រធានាធិបតី Trump មិនបានឆ្លើយនឹងសំណួរអំពីប្រទេសស៊ីរីឬប្រទេសកូរ៉េខាងជើងដែលក្រុមអ្នកសារព័ត៌មានបានសួរលោកនោះទេ។
កាលពីពេលមុននេះ លោកប្រធានាធិបតី Trump និងពួកសមាជិកនៃរដ្ឋបាលលោកបាននិយាយច្បាស់លាស់ថា អស់លោកសង្ឃឹមថានឹងដាក់គំនាបសង្កត់លើរដ្ឋាភិបាលក្រុងប៉េកាំងឱ្យធ្វើសកម្មភាពថែមទៀតដើម្បីទប់ទល់នឹងការអភិវឌ្ឍអាវុធបរមាណូរបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងកំណត់សម្គាល់របស់លោកនៅក្នុងយន្តហោះប្រធានាធិបតី Air Force One លោក Trump បាននិយាយថា ឱនភាពពាណិជកម្មរបស់ស.រ.អា.មានទឹកប្រាក់ប្រមាណ៣១០ពាន់លានដុល្លារជាមួយប្រទេសចិនជាអាទិភាពនៅលើរបៀបវារៈ៕