ទំនាក់ទំនងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងប្រទេសចិនសម្រាប់ឆ្នាំ២០១៧ បានចាប់ផ្តើមដោយបោះជំហានទៅមុខយឺតៗ ហើយមានសំណួរជាច្រើនត្រូវបានគេលើកឡើងអំពី ថាតើកម្មវិធីយោធាអាមេរិក-ចិនត្រូវបានផ្អាក ឬត្រូវបានរដ្ឋបាលលោកប្រធានាធិបតី ត្រាំ កាត់បន្ថយតែម្តង។
លោកអគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក Gary Ross និងជាអ្នកនាំពាក្យផ្នែកកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការពារជាតិអាមេរិកបានប្រាប់ VOA ថា មានកិច្ចសហការគ្នាដោយផ្ទាល់មួយរវាងយោធារបស់ប្រទេសទាំងពីរ ចាប់តាំងពីដើមឆ្នាំ២០១៧មក នោះគឺកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែមករា ស្តីពីការសម្របសម្រួលគោលនយោបាយការពារជាតិ ដែលមានរួមបញ្ជូលទាំងផែនការសម្រាប់ឆ្នាំ ២០១៧ ផងដែរ។
លោក Bryan Clark អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថានសិក្សាគោលនយោបាយ CSBA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា ផែនការសម្រាប់ការសហការទាំងនេះជាទូទៅត្រូវបានរៀបចំនៅត្រឹមរដូវស្លឹកឈើជ្រុះ នៃឆ្នាំមុន។
លោក Ross ថ្លែងថា កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាឲ្យក្រសួងការពារជាតិបញ្ឈប់ ឬកាត់បន្ថយទំនាក់ទំនងយោធារវាងអាមេរិក និង ចិននោះទេ។
ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ភាគីទាំងពីរនៅតែធ្វើការនៅលើផែនការទាំងឡាយនៃកិច្ចសហការគ្នានេះ។ អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃទី២ ខែមីនាថា ចិនបានផ្តោតសារៈសំខាន់ទៅលើការវិវត្តទៅមុខនៃទំនាក់ទំនងយោធាអាមេរិក-ចិន ហើយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចូលរួមលើកកម្ពស់ការវិវត្តទៅមុខដោយរលូន និងប្រកបដោយចីរភាពរួមរវាងកងកម្លាំងយោធារបស់ប្រទេសទាំងពីរ។
កំណត់ត្រានានាបានបង្ហាញថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ នៅត្រឹមចុងខែកុម្ភៈនេះ មានការសហការផ្នែកយោធាយ៉ាងហោចណាស់ចំនួនមួយដងនៅក្នុងកម្រិតថ្នាក់មន្រ្តីជាន់ខ្ពស់បង្អស់។
លោកឧត្តមសេនីយ៍សមាជិកប្រធាននាយអគ្គសេនាធិការចម្រុះ (Joint Chiefs of Staff) បាននិយាយកាលពីថ្ងៃទី០២ ខែមីនា នៅក្នុងកិច្ចពិភាក្សាមួយនៅវិទ្យាស្ថាន Brookings Institution ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ទំនាក់ទំនងយោធាអាមេរិកជាមួយនឹងចិនត្រូវបានភ្ជាប់ទៅនឹងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ។
លោក Dunford បាននិយាយថា៖ «ទំនាក់ទំនងយោធានិងយោធារបស់យើងត្រូវធ្វើតាមគោលដៅថ្នាក់ជាតិរបស់យើង។ ដូច្នេះ ធម្មជាតិនៃទំនាក់ទំនងយោធានិងយោធារបស់យើងជាមួយនឹងចិនឥឡូវនេះ នឹងស៊ីសង្វាក់គ្នាទៅនឹងទំនាក់ទំនងនយោបាយរបស់យើងជាមួយចិនដែរ។ ប៉ុន្តែនៅកម្រិតទាបបំផុត (យើងត្រូវ) បើកចំហទំនាក់ទំនងគ្នាដើម្បីកាត់បន្ថយហានិភ័យ និងការគិតខុស ក៏ដូចជាដើម្បីដោះស្រាយនូវឧបទ្ទវហេតុមួយចំនួននៅដែនសមុទ្រ និងដែនអាកាស»។
ឧបទ្ទវហេតុទាំងនេះរួមមានការគេចចេញពីគ្នាកាលពីខែកុម្ភៈរវាងយន្តហោះ KJ-200 ដែលបានហោះកាត់ចម្ងាយ៣០០ម៉ែត្រពីមុខយន្តហោះ P-3 របស់កងទ័ពជើងទឹកអាមេរិក អំឡុងពេលបេសកកម្មប្រចាំថ្ងៃនៅក្នុងដែនអាកាសចរអន្តរជាតិក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលស្ថិតនៅចន្លោះប្រទេសចិនដីគោក និងហ្វីលីពីន។ ជាលទ្ធផល យន្តហោះ P-3 របស់អាមេរិកត្រូវបង្ខំចិត្តបត់ផ្លាស់ប្តូរទិសដៅភ្លាមៗ។
ទោះបីជាព្រឹត្តិការណ៍រវាងយន្តហោះទាំងពីរនេះកើតឡើងចំពេលមានភាពតានតឹងរវាងអាមេរិក និងចិនដោយសារការបោះជំហានរបស់ចិនក្នុងការបង្កើតកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ មន្រ្តីយោធារបស់អាមេរិកនៅតែមានទំនាក់ទំនងជាមួយនឹងសមភាគីចិន ខណៈដែលឧបទ្ទវហេតុនេះត្រូវបានគេស៊ើបអង្កេត។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗជាមួយនឹង VOA លោក Clark បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជានឹងមិនធ្វើតាម ឬសម្របសម្រួលនោះទេ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងប្រើប្រាស់ការសហការយោធាដែលបានកំណត់ធ្វើ ដើម្បីធ្វើជាឥទ្ធិពលណាមួយនោះ។ លោក Clark ក៏បានចង្អុលបង្ហាញពីឧបទ្ទវហេតុនាពេលថ្មីៗមួយទៀត គឺនៅពេលដែលលោកប្រធានាធិបតីបានលុបចោលទស្សនកិច្ចជាមួយនឹងលោកប្រធានាធិបតីម៉ិកស៊ិក Enrique Peña Nieto ដោយសារតែភាពខុសគ្នានៃគោលនយោបាយអន្តោប្រវេសន៍។
លោក Clark បានថ្លែងថា៖ «ប្រសិនបើមានការមិនចុះសម្រុងគ្នាណាមួយរវាងអាមេរិក និងចិននោះទេ ចិនអាចនឹងប្រើប្រាស់ការសហការគ្នានាពេលខាងមុខជាឧបករណ៍មួយដើម្បីបង្ខំអាមេរិកឲ្យដកថយ និងយល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់ចិន។ ដោយយោងលើឧទាហរណ៍ជាមួយប្រទេសម៉ិកស៊ិក វាហាក់ដូចជាថា រដ្ឋបាលលោកប្រធានាធិបតីត្រាំទំនងជាមិនធ្វើតាមគន្លងនេះនោះទេ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ