ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថាលោកនឹងចាប់ផ្ដើមយកពន្ធឡើងវិញភ្លាមៗ ទៅលើទំនិញដែកថែប និងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសប្រេស៊ីលនិងអាហ្សង់ទីន។
លោក ត្រាំ បានសរសេរតាមបណ្ដាញ Twitter របស់លោកថា «ប្រេស៊ីលនិងអាហ្សង់ទីនបានមើលឃើញការធ្លាក់ចុះយ៉ាងគំហុកនូវតម្លៃរូបិយប័ណ្ណរបស់ខ្លួន ដែលការណ៍នេះ មិនមែនជារឿងល្អសម្រាប់កសិករអាមេរិកទេ។ ដូច្នេះ ខ្ញុំនឹងដាក់កំហិតឱ្យយកពន្ធនាំចូលដែលចូលជាធរមានភ្លាមទៅលើដែកថែបនិងអាលុយមីញ៉ូម ដែលដឹកចូលក្នុងសហរដ្ឋអាមេរិកពីប្រទេសទាំងពីរនេះ»។
លោកត្រាំ ក៏បានជំរុញធនាគារកណ្ដាលអាមេរិក ឱ្យរារាំងប្រទេសនានា កុំឱ្យកេងចំណេញខាងសេដ្ឋកិច្ច ដោយការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេ។
លោក ត្រាំ បានសរសេរតាមបណ្ដាញ Twitter ថា «ធនាគារកណ្ដាល គួរតែចាត់វិធានការបែបនេះ ដើម្បីឱ្យប្រទេសជាច្រើន ឈប់កេងចំណេញលើប្រាក់ដុល្លារដ៏ខ្លាំងរបស់យើង»។
លោក ត្រាំ ក៏បានជំរុញម្តងហើយម្តងទៀត ឱ្យធនាគារកណ្តាលអាមេរិក ទម្លាក់អត្រាការប្រាក់ឱ្យទាបជាង០ ដោយលោកអះអាងថាអត្រាក្រោម០នេះក្នុងទ្វីបអឺរ៉ុបនិងប្រទេសផ្សេងៗទៀត បានផ្តល់ផលចំណេញដល់ប្រទេសទាំងនោះ។
ប៉ុន្តែ អ្នកធ្វើគោលនយោបាយនៃធនាគារកណ្ដាលអាមេរិក កន្លងមកបានស្ទាក់ស្ទើរ មិនហ៊ានចាត់វិធានការលើគោលនយោបាយដែលមិនអនុលោមតាមបែបបទដែលមានស្រាប់កន្លងមកនេះទេ ទោះបីជាធនាគារកណ្ដាលសកលផ្សេងៗទៀត បានសាកល្បងវិធានការនេះក៏ដោយ។
គណៈកម្មការកំណត់គោលនយោបាយនៃធនាគារកណ្ដាលអាមេរិក រៀបចំកិច្ចប្រជុំបន្ទាប់របស់ខ្លួននៅថ្ងៃទី១០និងទី១១ ខែធ្នូនេះ៕