អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីចេតនារបស់លោកក្នុងការប្រើប្រាស់អំណាចប្រធានាធិបតីដើម្បីសងសឹកនឹងអ្នកដែលលោកចាត់ទុកថាជាសត្រូវនយោបាយ ប្រសិនបើលោកអាចឈ្នះឆ្នោតចូលកាន់តំណែងនៅសេតវិមានឡើងវិញនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកាខាងមុខ។
ការសន្យារបស់លោក Trump ក្នុងការសងសឹកមិនមែនជារឿងថ្មីទេ។ ចាប់តាំងពីចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ២០១៥ មក លោកបានប្រើនយោបាយសោកសង្រេងដើម្បីជំរុញទឹកចិត្តអ្នកគាំទ្រលោកជាច្រើន។
នៅពេលថ្លែងទៅកាន់អ្នកចូលរួមកាលពីឆ្នាំមុននៅឯសន្និសីទរបស់ក្រុមសកម្មភាពនយោបាយអភិរក្សនិយម (Conservative Political Action Conference) ប្រចាំឆ្នាំ លោក Trump បានប្រកាសថា៖ «ខ្ញុំគឺជាអ្នកចម្បាំងរបស់អ្នកទាំងអស់គ្នា។ ខ្ញុំជាយុត្តិធម៌របស់អ្នក។ ហើយចំពោះអ្នកដែលត្រូវបានគេចោទដោយខុសឆ្គងនិងត្រូវបានគេក្បត់៖ ខ្ញុំគឺជាអ្នកសងសឹកជំនួសអ្នក»។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីលោកត្រូវបានតុលាការរកឃើញថាមានទោសពីបទឧក្រិដ្ឋចំនួន ៣៤ ករណីនៅក្នុងតុលាការរដ្ឋ New York កាលពីខែមុន ដែលជាករណីដែលមិនទាន់សម្រេចលើទំហំទោសលោកនៅឡើយ ការសន្យាសងសឹករបស់លោក Trump មិនត្រូវបានធ្វើឡើងក្នុងនាមអ្នកគាំទ្ររបស់លោកទេ ប៉ុន្តែក្នុងនាមជាប្រតិកម្មចំពោះការលំបាកផ្នែកច្បាប់ផ្ទាល់ខ្លួនរបស់លោកទៅវិញ។
លោកអតីតប្រធានាធិបតីរូបនេះបានអះអាងថា ការចោទប្រកាន់ពីបទព្រហ្មទណ្ឌជាច្រើនប្រឆាំងនឹងលោកនៅក្នុងតុលាការផ្សេងៗនៅទូទាំងប្រទេសគឺជាលទ្ធផលនៃការឃុបឃិតគ្នាយ៉ាងទូលំទូលាយ ដើម្បីរារាំងលោកមិនឱ្យឈ្នះតំណែងប្រធានាធិបតីម្តងទៀត។
លោកដាក់ការទទួលខុសត្រូវចំពោះការកាត់ទោសទាំងនោះលើលោកប្រធានាធិបតី Joe Biden ឬជួនកាលលើមនុស្សមួយក្រុមមិនមានរូបរាងច្បាស់លាស់ដែលលោកអះអាងថាកំពុងមានឥទ្ធិពលលើលោក Biden នៅពីក្រោយឆាក។ លោកបានអះអាងថា លោកនឹងបង្ហាញពីភាពត្រឹមត្រូវនៃការប្រើប្រាស់អំណាចសហព័ន្ធផ្ទាល់ខ្លួនដើម្បីធ្វើទុក្ខបុកម្នេញលើពួកគេប្រសិនបើលោកត្រូវបានផ្តល់ឱកាស។
នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីរបស់លោក Sean Hannity នៃទូរទស្សន៍ Fox News លោក Trump បាននិយាយថា៖ «នៅពេលដែលការបោះឆ្នោតនេះត្រូវបានបញ្ចប់ ដោយផ្អែកលើអ្វីដែលពួកគេបានធ្វើ ខ្ញុំមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីតាមធ្វើបាបពួកគេ ហើយវាងាយស្រួលទេដោយសារតែជននោះគឺលោក Joe Biden»។
លោកប្រធានាធិបតី Joe Biden បានរិះគន់ជាញឹកញយលើការសន្យារបស់លោក Trump ក្នុងការសងសឹក ប៉ុន្តែបាននិយាយតិចតួចប៉ុណ្ណោះអំពីការរកឃើញកាលពីពេលថ្មីៗនេះរបស់តុលាការរដ្ឋ New York ដែលថាលោក Trump មានទោស។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយទូរទស្សន៍ ABC News លោក Biden បានរិះគន់លោក Trump ដែលបានបន្តវាយប្រហារលើប្រព័ន្ធយុត្តិធម៌ថាពុករលួយ ហើយបានអំពាវនាវឱ្យលោក Trump ទទួលយកសាលក្រមនោះ។
លោក Biden បានថ្លែងថា៖ «ឈប់រំលោភនីតិរដ្ឋ។ ឈប់ធ្វើឱ្យខូចដល់ស្ថាប័នទៅ។ ទាំងនោះហើយគឺជាការខិតខំប្រឹងប្រែងទាំងមូលរបស់លោក Trump។ លោកកំពុងព្យាយាមមើលងាយច្បាប់។ លោកទទួលបានការកាត់ក្តីដោយយុត្តិធម៌ហើយ។ គណៈវិនិច្ឆ័យបាននិយាយដូចគ្នានៅក្នុងគ្រប់ករណីទាំងអស់ ហើយគួរតែគោរពតាម»។
នៅក្នុងសុន្ទរកថាមួយនៅក្នុងរដ្ឋ Michigan កាលពីពេលថ្មីៗនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បានបន្តដោយថ្លែងអំពីលោក Trump ថា៖ «លោកបាននិយាយកុហកថារដ្ឋបាលរបស់យើងកំពុងគ្រប់គ្រងសំណុំរឿងនេះ នៅពេលដែលមនុស្សគ្រប់គ្នាដឹងថាវាជាសំណុំរឿងនៅតាមរដ្ឋ។ ហើយលោកថាលោកនឹងប្រើអាណត្តិទីពីរដើម្បីសងសឹក»។
អ្នកស្រី Harris បានថ្លែងបន្ថែមថា៖ «និយាយឱ្យសាមញ្ញទៅ លោក Donald Trump គិតថាលោកនៅពីលើច្បាប់។ រឿងនេះគួរតែជាការដកសិទ្ធិសម្រាប់អ្នកណាដែលចង់ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក»។
អ្នកវិទ្យាសាស្ត្រនយោបាយលោក James A. Morone សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Brown បានប្រាប់ VOA ថា ការសន្យាយ៉ាងច្បាស់លាស់របស់លោក Trump ក្នុងការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលសហព័ន្ធដើម្បីធ្វើទុក្ខបុកម្នេញសត្រូវនយោបាយរបស់លោកគឺមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។
លោក Morone បាននិយាយថា៖ «រឿងនេះពិតជាមិនធ្លាប់មានពីមុនមកទេសម្រាប់ប្រធានាធិបតីដែលធ្វើបែបនេះ។ ហើយតាមពិត គំរូប្រវត្តិសាស្ត្រគឺផ្ទុយស្រឡះពីនេះទៅវិញទេ»៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង
វេទិកាបញ្ចេញមតិ