កង្វល់អំពីសេដ្ឋកិច្ចនៅតែសំខាន់សម្រាប់ក្រុមអ្នកបោះឆ្នោតនៅខែវិច្ឆិកាដែលជាការប្រកួតប្រជែងជាថ្មីរវាងលោកប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump ប៉ុន្តែសង្គ្រាមក្នុងតំបន់ហ្កាហ្សានិងនៅអ៊ុយក្រែនប្រហែលមានឥទ្ធិពលលើអ្នកបោះឆ្នោតនៅក្នុងរដ្ឋប្រទាញប្រទង់គ្នាដើម្បីធ្វើឱ្យគោលនយោបាយការបរទេសជាបញ្ហាសំខាន់នៅថ្ងៃបោះឆ្នោត។
លោក Robert Collins ជាសាស្ត្រាចារ្យខាងការសិក្សាអំពីទីក្រុងនិងគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Dillard នាក្រុង New Orleans រដ្ឋ Louisiana។ លោកបាននិយាយថា«ការបោះឆ្នោតនេះត្រូវបានគេប៉ាន់ប្រមាណថាជាការបោះឆ្នោតប្រកៀកប្រកិតគ្នាណាស់។ នៅក្នុងការបោះឆ្នោតក្រកៀកប្រកិតគ្នានេះ ពលរដ្ឋមួយចំនួនតូចដែលមិនទាន់សម្រេចចិត្តនឹងជាអ្នកដែលអាចកំណត់ថាតើនរណានឹងក្លាយជាប្រធានាធិបតី»។
លោក Lauri Sklar ដែលជាគ្រូតន្ត្រីនៅរដ្ឋ Massachusetts បាននិយាយប្រាប់វីអូអេថាការបោះឆ្នោតនេះប្លែកពីការបោះឆ្នោតឯទៀតៗ ជាផ្នែកដោយសារសង្គ្រាមនៅហ្គាហ្សាជា«ពេលមានការផ្លាស់ប្តូរមួយ»សម្រាប់ក្រុមអ្នកប្រជាធិបតេយ្យវ័យក្មេង។
លោក Sklar ថា«ទោះជាពួកគេគាំទ្របេក្ខជនគណបក្សទីបីក៏ដោយឬពួកគេប្រកែកមិនព្រមបោះឆ្នោតក៏ដោយ ខ្ញុំយល់ថាមានអ្នកបោះឆ្នោតសេរីនិយមវ័យក្មេងច្រើននាក់ដែលមិនបោះឆ្នោតឱ្យលោក Biden នៅខែវិច្ឆិកា ហើយខ្ញុំបារម្ភថាការណ៍នេះមានន័យថាលោក Trump នឹងឈ្នះឆ្នោត»។
ការស្ទង់មតិមួយកាលពីដើមខែនេះដោយមហាវិទ្យាល័យ Kennedy សិក្សាអំពីរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Harvard បានរកឃើញថាជនជាតិអាមេរិកាំងពីអាយុ១៨ឆ្នាំទៅ២៩ឆ្នាំគាំទ្រខ្លាំងក្លាដល់បទឈប់បាញ់អចិន្ត្រៃយ៍នៅហ្គាហ្សា។
នាង Brooklyn Birdie ដែលជានិស្សិតមានបរិញ្ញាប័ត្រពីក្រុង Shreveport រដ្ឋ Louisiana បានថ្លែងថានាងគាំទ្រលោក Biden កាលពីឆ្នាំ២០២០តែនាងនឹងមិនគាំទ្រលោកទេនៅឆ្នាំ២០២៤នេះ។
នាង Birdie បាននិយាយប្រាប់វីអូអេថា«គ្មានវិធីណាមួយដែល «អ្នកប្រល័យពូជសាសន៍ Joe» នឹងទទូលឆ្នោតមួយសន្លឹកពីខ្ញុំទេនៅរដូវស្លឹកឈើជ្រុះនេះ។ លោករួមគំនិតក្នុងការលាងសម្អាតពូជសាសន៍ដែលកំពុងកើតមាននេះ»។
ប៉ុន្តែនេះក៏មិនមែនមានន័យថានាងនឹងបោះឆ្នោតឱ្យលោក Trump ដែរ។
នាង Brooklyn Birdie បានពន្យល់ថា«ខ្ញុំយល់ថា ជាអ្នកធុរកិច្ច តំណែងប្រធានាធិបតីរបស់លោក Trump ល្អប្រសើរសម្រាប់សដ្ឋកិច្ច តែខ្ញុំមិនអាចគាំទ្រនរណាម្នាក់ដែលទ្រទ្រង់គ្មានងាករេនិងស្មោះស្ម័គ្រដល់អ៊ីស្រាអែលទេ។ ខ្ញុំពិចារណាបោះឆ្នោតឱ្យគណបក្សទីបី តែខ្ញុំមិនទាន់ប្រាកដទេ»។
អ្នកស្រី Rebecca Urrutia អ្នកបោះឆ្នោតនៅរដ្ឋ Connecticut និយាយថាដោយសារ«វិធីដែលយើងដោះស្រាយភាពតានតឹងជាមួយប្រទេសឯទៀតៗនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្ញុំ» អ្នកស្រីនឹងបោះឆ្នោតឱ្យលោក Trump។
អ្នកស្រីបន្ថែមថា«ខ្ញុំមិនចូលចិត្តវិធីទាក់ទងរបស់លោក Trump សោះ ប៉ុន្តែគោលនយោបាយការបរទេសរបស់លោកខ្លាំង។ លោកនិយាយចំៗហើយធ្វើតាមអ្វីដែលលោកបានសន្យា។ ចំណែកឯរដ្ឋបាលលោក Biden វិញ មានគោលជំហរមិនប្រាកដ។ ការមិនដាច់ស្រេចក្នុងចិត្តនាំឱ្យមានបញ្ហាច្រើន»។
គោលនយោបាយការបរទេសក៏ជាអាទិភាពខ្ពស់មួយសម្រាប់អ្នកស្រី Debbie Pesses អ្នកបោះឆ្នោតនៅរដ្ឋ Louisiana ដែរ តែអ្នកស្រីនឹងបោះឆ្នោតឱ្យលោក Biden។
អ្នកស្រី Debbie Pesses បានពោលថា«ប្រសិនបើលោក Putin អាចវាយយកអ៊ុយក្រែនបាន គ្មានប្រទេសណាមួយនៅអឺរ៉ុបមានសុវត្ថិភាពទេ ហើយទោះជាខ្ញុំមានសមានចិត្តដល់ប្រជារាស្ត្រនៅហ្គាហ្សាក៏ដោយ ក៏យើងមិនអាចអនុញ្ញាតឱ្យក្រុមហាម៉ាស់គំរាមកំហែងប្រទេសតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅមជ្ឈឹមបូព៌ាទេ»។
អ្នកស្រីបានបន្តថា«យើងត្រូវការនរណាម្នាក់ដែលមានចិត្តស្ងប់នៅក្នុងសេតវិមាន ហើយទោះជាខ្ញុំបារម្ភអំពីអាយុលោក Biden ក៏ដោយ ក៏ចរឹតរបស់លោកល្អប្រសើរជាងលោក Trump សម្រាប់ការងារនេះ»។
នៅក្នុងការបោះឆ្នោតមួយដែលអាចត្រូវសម្រេចដោយរដ្ឋប្រទាញប្រទង់មួយចំនួនតូច លោកសាស្ត្រាចារ្យ Collins នៃសាកលវិទ្យាល័យ Dillard ពោលថាកង្វល់អំពីគោលនយោបាយការបរទេសដូចជាសង្គ្រាមនៅហ្គាហ្សាជាដើមអាចនាំឱ្យមានការផ្លាស់ប្តូរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ