លោក Hunter Biden ត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌទាំងបី ទាក់ទិននឹងការទិញកាំភ្លើងខ្លីក្នុងឆ្នាំ ២០១៨ ដោយរដ្ឋអាជ្ញាបានចោទថា កូនប្រុសរបស់លោកប្រធានាធិបតីបានកុហកលើពាក្យសុំទិញកាំភ្លើង ដោយនិយាយថា លោកមិនបានប្រើប្រាស់សារធាតុញៀនខុសច្បាប់ ឬញៀនថ្នាំនោះទេ។
ក្រុមគណៈវិនិច្ឆ័យបានរកឃើញថា លោក Hunter Biden មានពិរុទ្ធពីបទកុហកអ្នកលក់កាំភ្លើងដែលមានអាជ្ញាបណ្ណសហព័ន្ធ ដោយបានធ្វើការអះអាងមិនពិតលើពាក្យសុំទិញដោយនិយាយថា លោកមិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយបានកាន់កាប់កាំភ្លើងនោះដោយខុសច្បាប់រយៈពេល ១១ ថ្ងៃ។
លោកប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ ២៥ ឆ្នាំនៅពេលដែលអ្នកស្រីចៅក្រម Maryellen Noreika សម្រេចទោសទណ្ឌ ប៉ុន្តែជនល្មើសលើកដំបូងមិនទទួលបានទោស ជិតដល់កម្រិតអតិបរមាទេ ហើយគេមិនច្បាស់ទេថាតើអ្នកស្រីនឹងសម្រេចដាក់ពន្ធនាគារឬយ៉ាងណា។
ឥឡូវនេះ លោកHunter Biden និងបេក្ខជនប្រធានាធិបតីសន្មត់មកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump ដែលជាគូប្រជែងនយោបាយរបស់លោកប្រធានាធិបតី Joe Biden ត្រូវបានរកឃើញថាមានពិរុទ្ធដោយគណៈវិនិច្ឆ័យអាមេរិកាំងក្នុងឆ្នាំបោះឆ្នោតមួយដែលផ្តោតជាច្រើនលើការកាត់ក្តីជាជាងអំពីយុទ្ធនាការឃោសនានិងការប្រមូលផ្តុំមហាជន។
លោក Joe Biden បានជៀសវាងពីសាលសវនាការតុលាការសហព័ន្ធក្នុងរដ្ឋ Delaware ជាកន្លែងដែលកូនប្រុសរបស់លោកត្រូវបានកាត់ទោស ហើយលោកបាននិយាយតិចតួចអំពីករណីនេះ។ ការណ៍នេះដោយសារលោកប្រយ័ត្នប្រយែងក្នុងការបង្កើតចំណាប់អារម្មណ៍អំពីការជ្រៀតជ្រែកក្នុងរឿងព្រហ្មទណ្ឌដែលប្តឹងដោយក្រសួងយុត្តិធម៌របស់លោកផ្ទាល់។
ប៉ុន្តែសម្ព័ន្ធមិត្តនៃគណបក្សប្រជាធិបតេយ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការកាត់ក្តី និង ការកាត់ទោសនេះទៅលើលោកប្រធានាធិបតី ដែលតែងតែព្រួយបារម្ភជាយូរមកហើយនឹងសុខភាពកូនប្រុសតែមួយគត់របស់លោកដែលនៅរស់ និងការជៀសឲ្យឆ្ងាយពីសារធាតុស្រវឹង៕
វេទិកាបញ្ចេញមតិ