លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov កាលពីថ្ងៃពុធម្សិលមិញនៅសេតវិមាន។
លោកប្រធានាធិបតី ត្រាំ និងលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បាននិយាយថា ពួកគេបានពិភាក្សាពីភាពចាំបាច់ដើម្បីធ្វើការជាមួយគ្នាដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី ហើយលោកប្រធានាធិបតីត្រាំបានបញ្ជាក់ថា រដ្ឋបាលរបស់លោកបានប្តេជ្ញាដោះស្រាយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
វាជាជំនួបទល់មុខគ្នាលើកទីមួយរបស់លោកប្រធានាធិបតី ត្រាំ ជាមួយអ្នកការទូតជាន់ខ្ពស់រុស្ស៊ីចាប់តាំងពីលោកចូលកាន់ដំណែងជាប្រធានាធិបតីកាលពីខែមករាមក។
បន្ទាប់ពីជំនួបមក លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា ជំនួបនេះល្អណាស់។
លោកប្រធានាធិបតីត្រាំបានថ្លែងថា «ខ្ញុំគិតថា យើងនឹងធ្វើកិច្ចការនេះបានយ៉ាងល្អចំពោះបញ្ហាប្រទេសស៊ីរី ខ្ញុំគិតថា អ្វីៗដែលកំពុងកើតមានឡើងមានភាពវិជ្ជមានណាស់»។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បាននិយាយថា មេដឹកនាំទាំង២ បាននិយាយភាគច្រើនអំពីតំបន់បន្ថយភាពតានតឹងនៅក្នុងប្រទេសស៊ីរី។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយបន្តទៀតថា ប្រទេសទាំង២មានការយល់យោគគ្នាទៅវិញទៅមកចំពោះអត្ថប្រយោជន៍នៃតំបន់បន្ធូរបន្ថយភាពតានតឹងនេះ។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតនៅឯស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ការណ៍នេះនឹងក្លាយជាជំហានមួយដើម្បីរួមចំណែកដល់ដំណោះស្រាយបញ្ហាមនុស្សធម៌»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានស្វាគមន៍លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov នៅឯក្រសួងការបរទេស៕