ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និយាយ​ថា ការ​​បន្ថែម​សម្ពាធ​ទៅ​លើ​រុស្ស៊ី​គឺ​ចាំបាច់​ដើម្បី​បញ្ឈប់​ជម្លោះ​នៅ​ស៊ីរី


ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​មួយ​ស្តី​ពី​ស្ថានភាព​ក្នុង​ប្រទេស​ស៊ីរី។
ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​មួយ​ស្តី​ពី​ស្ថានភាព​ក្នុង​ប្រទេស​ស៊ីរី។

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley បាន​បញ្ចេញ​វោហារសាស្ត្រ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​និយាយ​ថា ការ​បន្ថែម​សម្ពាធ​ទៅ​លើរដ្ឋាភិបាល​ក្រុង​មូស្គូ​គឺ​ចាំបាច់ ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោកស្រី Haley បាន​ថ្លែង​ទៅ​កាន់​ដៃគូ​របស់​លោកស្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក១៥​ប្រទេស​ថា «អ្នក​និយាយ​ថា យើង​ត្រូវ​ដាក់​សម្ពាធ​ទៅ​លើ​របប​ស៊ីរី ប៉ុន្តែ​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ យើង​ចាំបាច់​ត្រូវ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​រុស្ស៊ី»។

ក្រុមប្រឹក្សា​នេះ​បាន​បើក​កិច្ចប្រជុំ​ប្រចាំ​ខែ​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​លោកStephen O'Brien ប្រធាន​ខាង​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ប្រាប់​ពួកគេ​ថា មន្ទីរពេទ្យ​យ៉ាង​ហោច​ណាស់​ចំនួន​៦​និង​សាលារៀន​ចំនួន​៣​ត្រូវ​បាន​គេ​ទម្លាក់​គ្រាប់បែក​ដាក់​នៅ​ក្នុង​ខែ​នេះ ហើយ​អន្ទាក់​ត្រូវ​បាន​គេ​ដាក់​នៅ​ជុំវិញ​តំបន់ Ghouta ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ស៊ីរី ដែល​មនុស្ស​ប្រមាណ​៤​សែន​នាក់​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក៕

XS
SM
MD
LG