ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​ធំៗ​បែង​ចែក​លោក​ Trump និង​អ្នកស្រី​ Clinton ក្នុង​ការ​ប្រកួត​ចូល​កាន់​តំណែង​ប្រធានាធិបតី


រូបឯកសារ​៖ លោកស្រី​អតីត​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Hillary Clinton ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ទីក្រុងAthens រដ្ឋ Ohio កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ឧសភា ឆ្នាំ​២០១៦។

លោក​ Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី Hillary Clinton មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​ហាក់​បី​ដូច​ជា​បេក្ខជន​ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​ខណៈ​ពេល​ដែល​ដំណើរការ​នៃ​ការ​បោះឆ្នោត​បឋម​សម្រាប់​គណបក្ស​នីមួយៗ​កាន់​តែ​ខិតជិត​ដល់​ទីបញ្ចប់​ លោក​ Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី Hillary Clinton មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​ហាក់​បី​ដូច​ជា​បេក្ខជន​ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋ​អាមេរិក។

ឆ្លងកាត់​ការ​ជជែក​ដេញ​ដោល​អស់​រយៈពេល​ជា​ច្រើន​ខែ​ សុន្ទរកថា​ និង​បទសម្ភាសន៍​ជា​ច្រើន ​បាន​បង្ហាញ​ពី​ជំហរ​ខុស​គ្នា​រវាង​បេក្ខជន​នីមួយៗ​ ទៅ​លើ​គោល​នយោបាយ​ក្នុង​ប្រទេស ​និង​គោលនយោបាយ​ការ​បរទេស​សំខាន់ៗ​ ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទាំង​ប្រទេស។​

បញ្ហា​ការទូត

លោកស្រី​ Clinton ដែល​ធ្លាប់​ជា​មន្ត្រី​ការទូត​កំពូល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ Obama​ ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​សម័្ពន្ធមិត្ត​បច្ចុប្បន្ន ​និង​បង្កើត​ទំនាក់​ទំនង​ថ្មី​ផង​ដែរ។​ លោកស្រី​គាំទ្រ​កិច្ចព្រម​ព្រៀង​អន្តរជាតិ​ស្តី​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ហើយ​លោក​ស្រី​ចង់​រារាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​ចិន​ និង​រុស្ស៊ី​នៅ​ក្នុង​តំបន់​របស់​ពួក​គេ។​ លោក​ Trump ក៏​គាំទ្រ​ការ​ពង្រឹង​មិត្តភាព​ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធ​មិត្ត​ផង​ដែរ​ ប៉ុន្តែ​លោក​បាន​រិះគន់​អង្គការ​ អូតង់​ ថា​ចាស់​គំរិល​ ហើយ​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​សង​ប្រាក់​ចំណែក​នៃ​ការ​ការពារ​របស់​ពួក​គេ។​ លោក​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ គឺ​ជា​មហន្តរាយ​ ហើយ​ថ្លែង​ថា​ លោក​គិត​ថា​លោក​នឹង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin។

អំពើ​ភេរវកម្ម​/ ក្រុម​សកម្ម​ប្រយុទ្ធ

លោក​ Trump ថ្លែង​កាល​ពី​ខែ​មីនា​ថា​ លោក​នឹង​ពិចារណា​បញ្ជូន​កងទ័ព​ជើង​គោក​ចំនួន​៣០.០០០ក្រុម​ ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ប៉ុន្តែ​ក្រោយ​មក​លោក​ថ្លែង​ថា​ លោក​នឹង​មិន​បញ្ជូន​ទ័ព​អាមេរិក​ទៅ​ទីនោះ​ទេ។​ លោក​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា​លោក​នឹង​កម្ចាត់​ពួក​ក្រុម​សកម្ម​ប្រយុទ្ធ​ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ជា​គម្រោង​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​នោះ​ទេ។​ គម្រោង​របស់​លោកស្រី​ Clinton គឺ​ស្រដៀង​គ្នា​នឹង​គម្រោង​របស់​រដ្ឋបាល​លោក​អូបាម៉ា​ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ក្រុម​ទ័ព​អាកាស​ចម្រុះ​ ដោយ​គាំទ្រ​ក្រុម​ប្រយុទ្ធ​ដីគោក ​និង​ធ្វើ​ការ​ដើម្បី​បង្អាក់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ភេរវករ​ហើយ​និង​បង្អាក់​ការ​ឃោសនា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ការ​សួរ​ចម្លើយ

លោក​ អូបាម៉ា​ បាន​ហាមឃាត់​វិធីសាស្ត្រ​ក្នុង​ការ​សួរ​ចម្លើយ​មួយ​ចំនួន​ រួម​មាន​ការ​ដាក់​ក្រណាត់​គ្រប​មុខ ​និង​ជះ​ទឹក​ពី​លើ​ ក្នុង​អំឡុង​ពេល​ដែល​លោកស្រី​ គឺ​ជា​គណៈ​រដ្ឋមន្ត្រី​មួយ​រូប​របស់​លោក។​ លោកស្រី​ថ្លែង​ថា​ លោកស្រី​នឹង​មិន​អនុញ្ញាត​ ឬ​អនុវត្ត​ការ​ធ្វើ​ទារុណកម្ម​បែប​នេះ​ទេ​ ប្រសិន​បើ​លោក​ស្រី​ជា​មេដឹកនាំ​សហរដ្ឋអាមេរិក។​ លោក​ Trump ថ្លែង​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​កំពុង​ធ្វើ​សកម្មភាព​អាក្រក់​ជាង​នេះ​ឆ្ងាយ​ណាស់​ ហើយ​លោក​គាំទ្រ​ឲ្យ​មាន​ការ​សួរ​ចម្លើយ ​ដោយ​ប្រើ​ក្រណាត់​គ្របមុខ​ និង​ជះទឹកពី​លើ​ ឡើង​វិញ។​

ជន​ចំណាក​ស្រុក​ /ជន​ម៉ូស្លីម

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ លោក​ Trump បាន​ថ្លែង​ថា​ លោក​នឹង​ហាម​ឃាត់​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់​ មិន​ឲ្យ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​នោះ​ រហូត​ដល់​អ្នក​តំណាង​របស់​អាមេរិក​អាច​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ឡើង​បាន​សិន។​ ក្រោយ​មក​ទៀត​លោក​បាន​ថ្លែង​ថា​ «ឥស្លាម​ស្អប់​ពួក​យើង»​ ហើយ​កាល​ពី​ដើម​ខែ​ឧសភា​នេះ​ លោក​បាន​ប្រាប់​ទូរទស្សន៍​ MSNBC ថា​ ជន​ចំណាក​ស្រុក​កំពុង​តែ​បំផ្លាញ​អឺរ៉ុប។​

លោកស្រី​ Clinton ថ្លែង​ថា​ ការ​ស្អប់​ខ្ពើម​ទៅ​លើ​ជន​ម៉ូស្លីម​អាច​ធ្វើ​ឲ្យ​អាមេរិក​ឃ្លាត​ឆ្ងាយ​ពី​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ហើយ​វា​ជា​អំពើ​ខុសឆ្គង​មួយ​ក្នុង​ការ​បិទ​ទ្វា​មិន​ទទួល​យក​កុមារ​កំព្រា​ ដោយសារ​សង្គ្រាម ​ឬ​ក៏​ប្រើ​ច្បាប់​រើសអើង​សាសនា​ចំពោះ​ជន​ណា​ដែល​រត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​នោះ។​

រូបឯកសារ​៖ លោក Donald Trump បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​លើក​បរដាមួយ​ដែល​គាំទ្រ​គម្រោង​របស់​លោក​ក្នុង​ការ​សាងសង់​ជញ្ជាំង​មួយ​ខណ្ឌ​សហរដ្ឋអាមេរិក​និង​ម៉ិចសិក​ នៅ​ទីក្រុង Fayetteville កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
រូបឯកសារ​៖ លោក Donald Trump បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​លើក​បរដាមួយ​ដែល​គាំទ្រ​គម្រោង​របស់​លោក​ក្នុង​ការ​សាងសង់​ជញ្ជាំង​មួយ​ខណ្ឌ​សហរដ្ឋអាមេរិក​និង​ម៉ិចសិក​ នៅ​ទីក្រុង Fayetteville កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។

បញ្ហា​អន្តោ​ប្រវេសន៍

លោក​ Trump ចង់​សង់​ជញ្ជាំង​ការពារ​នៅ​ព្រំប្រទល់​ប៉ែក​ខាង​ត្បូង​រវាង​អាមេរិក​និង​ប្រទេស​ម៉ិកសិក​ ហើយ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ម៉ិកសិក​បង់​ថ្លៃ​សង់​ជញ្ជាំង​នោះ។​ លោក​បាន​ចោទ​ប្រកាន់​ជនជាតិ​ម៉ិកសិក​ ថា​បាន​នាំ​ឧក្រិដ្ឋកម្ម​ និង​ភាព​ក្រីក្រ​មក​កាន់​សហរដ្ឋ​អាមេរិក។​ លោក​ក៏​ចង់​និរទេស​ខ្លួន​មនុស្ស​រាប់​លាន​នាក់ ​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​ក្នុង​សហរដ្ឋអាមេរិក​ បង្កើន​ភ្នាក់ងារ​ពង្រឹង​ជន​អន្តោប្រវេសន៍​បី​ដង​ និង​បញ្ចប់​ការ​ផ្តល់​សញ្ជាតិ​ដល់​ជន​បរទេស ​ដែល​បង្កើត​កូន​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។​

លោកស្រី​ Clinton បាន​ហៅ​គម្រោង​សង់​ជញ្ជាំង​របស់​លោក​ Trump ថា​ ជា​ការ​ស្រមើ​ស្រមៃ។ លោកស្រី​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ជន​អន្តោប្រវេសន៍​ ដែល​រួម​មាន​ដំណើរ​ឈាន​ទៅ​ការ​ចូល​សញ្ជាតិ​ ហើយ​លោក​ស្រី​ថ្លែង​បន្ថែម​ថា​ លោកស្រី​នឹង​ការពារ​បទ​បញ្ជា​ប្រធានាធិបតី​របស់​លោក​ Obama ដែល​ការពារ​ជន​អន្តោប្រវេសន៍​ជា​ច្រើន​នាក់​ពី​ការ​និរទេស​ខ្លួន។

ពាណិជ្ជកម្ម​

បេក្ខជន​ទាំង​ពីរ​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ចូល​រួម​ដោយ​ប្រទេស​ទាំង១២។​ លោក​ Trump ថែមទាំង​បាន​ថ្លែង​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អាមេរិក​ខាង​ជើង​ (NAFTA) ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​អំឡុង​ពេល​ដែល​លោក​ Bill Clinton ដែល​ជា​ស្វាមី​របស់​លោកស្រី Clinton ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ក្នុង​អំឡុង​ទសវត្សរ៍១៩៩០។ លោក​ Trump ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឡើង​វិញ​ ដោយ​ដាក់​ពន្ធ​ខ្ពស់​សម្រាប់​ទំនិញ​ពី​ប្រទេស​ចិន​ និង​ម៉ិកសិក។​ លោក​ថ្លែង​ថា​ លោក​មិន​ខ្លាច​នឹង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ពេល​ដែល​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​នោះ​ទេ។

សេដ្ឋកិច្ច​ក្នុង​ស្រុក​

ទាំង​លោក​ Trump និង​លោកស្រី​ Clinton ចង់​ឲ្យ​កាត់​បន្ថយ​ពន្ធ​របស់​ពួក​វណ្ណៈ​កណ្តាល។​ ចំពោះ​ប្រាក់​ខែ​អប្បបរិមា លោក​ស្រី​ Clinton បាន​ថ្លែង​ថា​លោកស្រី​គាំទ្រ​ឲ្យ​បង្កើន​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​សហព័ន្ធ​ និង​បង្កើន​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដើម្បី​ផ្តល់​ប្រាក់​ខែ​កាន់​តែ​ខ្ពស់​ជាង​នេះ​ផង​ដែរ។​ លោក​ Trump បាន​ថ្លែង​នៅ​ដើម​យុទ្ធនាការ​ថា​ ប្រាក់​ខែ​អប្បបរមា​ គឺ​ខ្ពស់​ពេក​ណាស់​ទៅ​ហើយ​ ប៉ុន្តែ​ឥឡូវ​លោក​បែរ​ជា​និយាយ​ថា​ លោក​បើក​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​ខែ។​ លោក​ប្រឆាំង​នឹង​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​ Obama Care ខណៈ​ដែល​លោក​ស្រី​ Clinton ថា ​លោកស្រី​នឹង​ការពារ​ និង​អនុវត្ត​កម្មវិធី​នេះ។​

បញ្ហា​នៃ​ការ​ឡើង​កម្តៅ​ផែន​ដី​

លោកស្រី​ Clinton បាន​ហៅ​ បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ ជា​ការ​គំរាម​កំហែង​បន្ទាន់​មួយ​ ហើយ​ថា​ បញ្ហា​នេះ​គឺ​ជា​ការ​ប្រឈម​មួយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​ លោកស្រី​ចង់​កាត់​បន្ថយ​ការ​បំពុល​ជាតិ​កាបូន​ក្នុង​ប្រទេស​នេះ​ ហើយ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថាមពល​ពណ៌​បៃតង។​ លោក​ Trump បាន​ថ្លែង​ថា​ លោក​មិន​ជឿ​ថា​ មនុស្ស​គឺ​ជា​អ្នក​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​នោះ​ទេ។​ លោក​ធ្លាប់​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ថា បញ្ហា​នេះ​គឺ​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​របស់​អាមេរិក​មាន​ការ​ប្រកួត​ប្រជែង​តិច​ជាង​មុន៕​

ប្រែ​សម្រួល​ដោយ ស្រេង​ លក្ខិណា

XS
SM
MD
LG