ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នៅតែ​ជម្នះ​ទាមទារ​សាងសង់​ជញ្ជាំង​ព្រំដែន ស្រប​ពេល​ការ​បិទ​រដ្ឋាភិបាល​អាច​កើត​ឡើង​ម្ដង​ទៀត


លោក​ប្រធានាធិបតី​ដើរ​ចេញ​ពី​ការិយាល័យ Oval Office នៅ​សេតវិមាន មុន​ពេល​លោក​ចាកចេញ​ទៅ​មជ្ឈមណ្ឌល​សុខាភិបាល​យោធា​ជាតិ Walter Reed National Military Medical Center កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ដើរ​ចេញ​ពី​ការិយាល័យ Oval Office នៅ​សេតវិមាន មុន​ពេល​លោក​ចាកចេញ​ទៅ​មជ្ឈមណ្ឌល​សុខាភិបាល​យោធា​ជាតិ Walter Reed National Military Medical Center កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

គម្រោង​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង El Paso រដ្ឋ Texas ដែល​ជា​ទីក្រុង​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អស់​ម្ដង​ទៀត និង​ស្រប​ពេល​ដែល​មាន​ការ​សង្ស័យ​កើន​ឡើង​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​មិន​ច្បាស់លាស់​ជា​បន្ត​របស់​លោក Trump នៅ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ទៅ​ក្នុង​ភាព​អាសន្ន ប្រសិនបើ​សភា​មិន​ព្រម​អនុម័ត​ថវិកា​ចំណាយ​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ដូច​ដែល​លោក​ចង់​បាន។

លោក Mick Mulvaney នាយ​ខុទ្ទកាល័យ​សេតវិមាន បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Meet the Press របស់​ទូរទស្សន៍ NBC កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «លោក​ប្រធានាធិបតី​ពិតជា​ជឿ​ថា មាន​វិបត្តិ​សន្តិសុខ​ជាតិ និង​វិបត្តិ​មនុស្សធម៌​នៅ​ឯ​ព្រំដែន ហើយ​យើង​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​ដោះស្រាយ​រឿង​នេះ។ លោក​នឹង​ធ្វើ​អ្វី​ដែល​លោក​អាច​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​សង្គ្រោះ​ព្រំដែន»។

លោក Mark Meadows សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ North Carolina ខាង​គណបក្ស​សាធារណរដ្ឋ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS ថា៖ «ខ្ញុំ​សង្ឃឹម​ថា លោក​ប្រធានាធិបតី​នឹង​ចាត់​វិធានការ​ប្រធានាធិបតី​មួយ​ចំនួន ដែល​ក្នុង​នោះ​ក៏​មាន​ការ​ប្រកាស​ដាក់​ប្រទេស​ទៅ​ក្នុង​ភាព​អាសន្ន​ផង​ដែរ... ប្រសិនបើ​យើង​ដែល​ជា​សមាជិក​សភា​មិន​ព្រមព្រៀង​គ្នា​រឿង​សន្តិសុខ​ព្រំដែន។ លោក​ប្រធានាធិបតី Trump នឹង​សាងសង់​ជញ្ជាំង ទោះ​តាម​វិធី​ណា​ក៏​ដោយ»។

គណបក្ស​ប្រជាធិបតេយ្យ​បាន​ទទូច​ថា នៅ​មាន​ពេល​សម្រាប់​សភា​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​នេះ បង្កើត និង​អនុម័ត​ច្បាប់​ថវិកា​ដែល​ពង្រឹង​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

លោក Jon Tester សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Montana ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Fox News កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ប្រធានាធិបតី​ប្រើ​អំណាច​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នោះ​ទេ។ យើង​ចាំបាច់​គ្រាន់តែ​ធ្វើ​កិច្ចការ​របស់​យើង​តែ​ប៉ុណ្ណោះ ហើយ​យើង​អាច​ធ្វើ​វា​បាន»៕

XS
SM
MD
LG