ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​ទាមទារ​ឲ្យ​មាន​ពាណិជ្ជកម្ម ​«ស្មើភាព​គ្នា​និង​ទៅ​វិញ​ទៅ​មក»​


លោក ត្រាំ ឡើង​ជិះ​យន្ត​ហោះ​ Air Force One ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជួប​លោក គីម ជុងអ៊ុន​ មេដឹកនាំកូរ៉េ​ខាង​ជើង នៅ​ប្រទេស​សិង្ហបុរី ដោយ​ចាក​ចេញពី​កិច្ច​ប្រជុំ​ G7 នៅ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃទី​សៅរ៍ ទី៩ មិថុនា ២០១៨។
លោក ត្រាំ ឡើង​ជិះ​យន្ត​ហោះ​ Air Force One ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជួប​លោក គីម ជុងអ៊ុន​ មេដឹកនាំកូរ៉េ​ខាង​ជើង នៅ​ប្រទេស​សិង្ហបុរី ដោយ​ចាក​ចេញពី​កិច្ច​ប្រជុំ​ G7 នៅ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃទី​សៅរ៍ ទី៩ មិថុនា ២០១៨។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ បាន​និយាយ​កាល​ពីថ្ងៃ​សៅរ៍​នៅ​ឯ​សន្និសីទ​កំពូល​ G-7 ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កាណាដា​ថា​ ត្រូវ​តែ​មាន​ពាណិជ្ជកម្ម​ «ស្មើភាព​គ្នា​និង​ទៅ​វិញ​ទៅម​ក» រវាង​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​ដទៃ​ទៀត។​

លោក ​ត្រាំ​ បាន​និយាយ​ប្រាប់អ្នក​យក​ព័ត៌មាន​ដូច្នេះ​មុន​ពេល​លោក​ចាក​ចេញ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​លោក​នឹង​ជួប​ជា​មួយ​លោក គីម ជុងអ៊ុន ​មេដឹកនាំ​កូរ៉េ​ខាងជើង​ នៅ​សប្តាហ៍​ក្រោយ។​ លោក ត្រាំ​ ​បាន​និយាយ​ថា «ការ​ធ្វើ​ពាណិជ្ជកម្មអយុត្តិធម៌​ជាមួយ​បរទេស» ជា​ច្រើន​កន្លង​មក​កំពុងត្រូវ​បាន «កែ​តម្រូវ​យឺត ​ប៉ុន្តែ​ច្បាស់​លាស់» ។

លោក​បាន​ស្តី​បន្ទោស​មេដឹក​នាំ​អាមេរិក​កាល​ពី​អតីត​កាល​ចំពោះ​ការ​ធ្វើ​ជំនួញពាណិជ្ជកម្ម​ក្នុង​ពិភព​ដែល​លោក​ថា ​អាមេរិក​ចាញ់​ប្រៀប​នា​ពេល​បច្ចុប្បន្ន​ ហើយ​លោកបាន​អបអរ​សាទរ​ដល់​មេដឹកនាំ​ពិភព​លោក​ដទៃ​ទៀត​ដែល​អាច​«ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទាំង​នេះល្អ​សម្រាប់​ប្រទេស​គេ​និង​អាក្រក់​ខ្លាំង​សម្រាប់​សហ​រដ្ឋ​អាមេរិក»។

លោក​ ត្រាំ​ ​បាន​ប្រកាស​ថា៖ «ពាណិជ្ជកម្ម​បែប​នេះ​ដល់​ថ្ងៃ​បញ្ចប់​ហើយ» ​ហើយ​បាន​និយាយ​ថា ​កិច្ច​ចរចា​នៅ​ចុង​សប្តាហ៍​នេះ​ជាមួយ​ពួក​មេដឹកនាំ ​G-7 ​បាន​ធ្វើ​ឲ្យ​លោក​មា​នជំនឿថា​ មេដឹកនាំ ​G-7 ​«ប្តេជ្ញា​ចិត្ត​ធ្វើ​ពាណិជ្ជកម្ម​យុត្តិធម៌​ជាង​មុន​សម្រាប់​សហ​រដ្ឋ​អាមេរិក»។ ​កិច្ចប្រជុំ​កំពូល​G-7 ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ Quebec បាន​បញ្ចប់​កាល​ពីថ្ងៃ​សៅរ៍៕

XS
SM
MD
LG