ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​ ត្រាំ ច្រាន​ចោល​សេចក្តី​រាយការណ៍ពីការ​ជ្រួល​ច្របល់​នៅ​សេតវិមាន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សេត​វិមាន​ក្នុង​ពេល​ជួប​ជាមួយ​សមាជិក​សភា​គណបក្ស​សាធារណ​រដ្ឋ កាល​ពី​ថ្ងៃទី​៧ ខែ​មីនា។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សេត​វិមាន​ក្នុង​ពេល​ជួប​ជាមួយ​សមាជិក​សភា​គណបក្ស​សាធារណ​រដ្ឋ កាល​ពី​ថ្ងៃទី​៧ ខែ​មីនា។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់ ​ត្រាំ​ កំពុង​ព្យាយាម​ច្រាន​ចោលសេចក្តី​រាយការណ៍​ថា ​សេតវិមាន​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ជ្រួល​ច្របល់។

លោក​ប្រធានាធិបតី​ ត្រាំ ​បាន​សរសេរ​នៅ​ក្នុង​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ ​Twitter​ របស់​ លោក​ថា៖ «កុំ​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​ប្រាប់​អស់​លោក​អ្នក​ថា ​មានការ​ឈ្លោះ​ប្រកែកយ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋបាល​របស់ ត្រាំ នោះ។ យើង​កំពុង​ធ្វើ​ការស្រុះ​ស្រួល​គ្នា​យ៉ាង​ខ្លាំងហើយ​កំពុងសម្រេចកិច្ច​ការ​ធំៗ‍»។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ផ្តល់​អត្ថាធិប្បាយរបស់​លោក​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សំខាន់​ៗ​របស់​សហរដ្ឋ​អាមេរិក​ថា ​លោក​បាន​ខឹង​សម្បា​បុគ្គលិករបស់​លោក​ចំពោះ​ចំណាត់​ការ​នៃ​រឿង​ចម្រូង​ចម្រាស់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​រូប​លោក។

ជម្លោះ​ភាគ​ច្រើន​បាន​ផ្តោត​លើសកម្មភាព​របស់​លោក​ប្រធានា​ធិបតី​ ត្រាំ ឬ​អ្នកជំនួយ​ការ​របស់​លោក ដែល​មិនបានការ​ពារ​ការអះអាង​ដោយ​គ្មាន​ភស្តតាង​របស់​លោក​ត្រាំ​ថា ​អតីត​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា ​បាន​ដាក់​ប្រដាប់​លួច​ថត​សំឡេង​នៅ​ទី​ស្នាក់​ការ ​Trump Tower ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ឆ្នាំ​ទៅ​ ហើយ​និង​ការ​ទាក់​ទង​របស់​អ្នក​ជំនួយ​ការលោក​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ។

​តាម​ទ្វា​បង្អួច ​ម៉ាស៊ីនថត​របស់​ទូរទស្សន៍​ខ្សែ​កាប CNN ​បានថត​រូបភាព ​ក៏ប៉ុន្តែ ​មិន​មាន​សំឡេង​នៃ​ការ​ផ្លាស់​ប្តូរ​សំដី​គ្នា​ដ៏​ក្តៅ​គគុក​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​នៅ​ខាង​ក្នុង​ការិយាល័យ​រាង​ពង​ក្រពើ​នៅ​សេតវិមាន​រវាង​ប្រធានា​ធិបតី ​ត្រាំ​ និង​ពួក​អ្នក​ជំនួយ​ការ​របស់​លោក​ទេ។

ការ​ជ្រួល​ច្របល់​របស់​សេតវិមាន​បាន​ត្រូវ​រាយការណ៍​ថា ​ប្រធានា​ធិបតី​ ត្រាំ ​បាន​អាក់​អន់​ចិត្ត​ដែល​លោក​ Jeff Sessions​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិកបាន​ដក​ខ្លួន​របស់​លោក​ចេញ​ពីការ​ស៊ើប​អង្កេត​របស់​ក្រសួង​យុត្តិធម៌​នៅ​ក្នុង​ការ​សន្និដ្ឋាន​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ថា ​ប្រ​ទេស​រុស្ស៊ី​បាន​លូកដៃ​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន ​ក្នុង​ការ​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ជួយ​ឲ្យ​លោក​ត្រាំ​ឈ្នះ​ឆ្នោត៕

XS
SM
MD
LG