ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​នឹង​សងសឹក​នៅ​ពេល​ដែល​ការ​យក​ពន្ធ​គយ​ថ្មី​​​របស់​អាមេរិក​មក​លើ​ទំនិញ​ខ្លួន​ចូល​ជា​ធរមាន


រូបឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng និយាយ​ទៅ​កាន់​​អ្នក​សារព័ត៌មានក្នុង​សន្និសិទ​សារព័ត៌មានមួយ​​ នាទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​៦ ខែមេសា​ ឆ្នាំ​២០១៨។ ​
រូបឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng និយាយ​ទៅ​កាន់​​អ្នក​សារព័ត៌មានក្នុង​សន្និសិទ​សារព័ត៌មានមួយ​​ នាទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​៦ ខែមេសា​ ឆ្នាំ​២០១៨។ ​

ប្រទេស​ចិន​កំពុង​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំង​នឹង​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​យក​ពន្ធ​គយ​ថ្មី​មួយ​ចំនួន​ទៀត​លើ​ទំនិញ​របស់​ខ្លួន ដោយ​បាន​ព្រមាន​ថា ខ្លួន​នឹង​តបត​ភ្លាមៗ​នៅ​ពេល​ដែល​ការ​យក​ពន្ធ​គយ​ថ្មី​នេះ​ចូល​ជា​ធរមាន។

គម្រោង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ នៅ​ក្នុង​ការ​យក​ពន្ធ​គយ​ថ្មី​ចំនួន ២៥ ភាគរយ លើ​ផលិតផល​របស់​ចិន​ជាង​ ៨​០០​ប្រភេទ ដែល​គិត​ជា​ទឹក​ប្រាក់​សរុប​ចំនួន​ប្រហែល​ ៣៤ ពាន់​លាន​ដុល្លារ​អាមេរិក​ គឺ​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង «នឹង​មិន​ទាន់​ចាត់​វិធានការ​អ្វី​មុន​នោះ​ទេ» នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើត​ឡើង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ប្រទេស​ចិន​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ការ​សងសឹក​ទៅ​វិញ ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក Gao Feng និយាយ​ថា៖ «ប្រទេស​ចិន​នឹង​មិន​ឱន​ក្បាល​នៅ​ពេល​ដែល​កំពុង​តែ​ប្រឈម​នឹង​ការ​គំរាមកំហែង និង​ការ​សម្លុត​រក​ផល​ប្រយោជន៍​ដូច​នេះ​នោះ​ទេ‍»។

លោក Gao Feng បាន​ព្រមាន​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក «កំពុងតែ​វាយ​ប្រហារ​យ៉ាង​ជាក់ស្ដែង​ចំពោះ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ខ្សែ​សង្វាក់​តម្លៃ​នៅ​លើ​ពិភពលោក» ហើយ​រដ្ឋាភិបាល​អាមេរិក «កំពុងតែ​បង្ក​រឿង​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ផង​ដែរ»។

លោក Gao Feng បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ទំនិញ​ក្នុង​ទឹក​ប្រាក់​ប្រហែល​ ២០ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​នឹង​រង​ការ​យក​ពន្ធ​គយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក គឺ​ផ្គត់ផ្គង់​ដោយ​វិនិយោគិន​បរទេស ដែល​ក្នុង​នោះ​មាន​ទាំង​វិនិយោគិន​អាមេរិក​មួយ​ចំនួន​ធំ​ផង​ដែរ៕

XS
SM
MD
LG