ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្តេជ្ញា​ជួយ​ដល់​រដ្ឋ Texas និង​រដ្ឋ Louisiana ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ក្នុង​គ្រា​មាន​អាសន្ន​របស់​ក្រសួង​សុវត្ថិភាព​សាធារណៈ​របស់​រដ្ឋ Texas កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ក្នុង​គ្រា​មាន​អាសន្ន​របស់​ក្រសួង​សុវត្ថិភាព​សាធារណៈ​របស់​រដ្ឋ Texas កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

ទឹក​បន្ត​កើន​ឡើង​ខ្ពស់​ឡើង​នៅ​ក្នុង​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​រដ្ឋ Texas និង​រដ្ឋ Louisiana ដែល​បាន​បង្ក​ជា​អ្វី​ដែល​ទីភ្នាក់ងារ​ឧត្តុនិយម​ជាតិ​ហៅ​ថា​ជា​ «វិបត្តិ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។ មនុស្ស​យ៉ាង​ហោច​ណាស់​៦នាក់​បាន​ស្លាប់​ ហើយ​មនុស្ស​ប្រមាណ ៣ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ ហើយ​ពួកគេ​ត្រូវ​ប្តូរ​ឲ្យ​ទៅ​ស្នាក់​នៅ​ក្នុង​ជម្រក​ផ្សេងៗ។ ក្រុម​មន្ត្រី​កំពុង​កោត​សរសើរ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋាភិបាល​នៅ​តាម​រដ្ឋ​ និង​រវាង​ក្រុម​ឯកជន​និង​ពលរដ្ឋ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​សង្គ្រោះ​ជីវិត។ លោក​ប្រធានាធិបតី​ Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នេះ​កាលពី​ថ្ងៃ​អង្គារ។

ក្រុម​សង្គ្រោះ​នៅ​លើ​ឧទ្ធម្ភាគចក្រ​បាន​ជួយ​សង្គ្រោះ​មនុស្ស​ពី​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​សារ​តែ​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​រដ្ឋ ​Texas កាលពីថ្ងៃ​ចន្ទ។ អ្នក​រស់​នៅ​ទីនោះ​បាន​ប្រើប្រាស់​ទូក​តូចៗ ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​អ្នក​ជិត​ខាង​និង​អ្នក​ដទៃ​ទៀត​ដែល​ជាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ។ ក្រុម​ពន្លត់​អគ្គិភ័យ​មូលដ្ឋាន​ក៏​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សង្គ្រោះ​នោះ​ផង​ដែរ។ លោក Edmundo Venegas បាន​ប្រាប់ VOA សេវា​អាមេរិកាំង​ឡាទីន​ថា ក្រុម​របស់​លោក​បាន​ជួយ​ជម្លៀស​អ្នក​រស់​នៅ​ក្នុង​សហគមន៍​មួយ​នៅ​ទីក្រុង Houston ​ភាគ​ខាង​ជើង​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់។

លោក Edmundo Venegas មក​ពី​តំបន់ Aldine ក្នុង​ទីក្រុង Houston បាន​ថ្លែង​ថា៖

«ពួក​យើង​កំពុង​ប្រើប្រាស់​រថយន្ត​ Truckទាហាន​ រថយន្ត​ក្រុង​ដឹក​សិស្ស​សាលា និង​ឧបករណ៍​របស់​យើង​ដើម្បី​ជួយ​មនុស្ស​ចេញ​ពី​ទីនោះ»។

អ្នក​រស់​នៅ​ដែល​ត្រូវ​បាន​ជម្លៀស​ទាំង​នោះ​បាន​បង្ហាញ​អារម្មណ៍​ធូរ​ស្រាល។

«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពួក​គេ​មក​ជួយ​ពួកយើង ពីព្រោះ​វា​អាច​នឹង​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត»។

កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី Donald Trump បាន​កោត​សរសើរ​អ្នក​ដែល​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ដំបូងៗនិង​អ្នក​ដទៃ​ទៀត​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ជួយ​សង្គ្រោះ។

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា៖

«យើង​ឃើញ​ថា អ្នក​ជិត​ខាង មិត្តភក្តិ និង​អ្នក​ដែល​មិន​ដែល​ស្គាល់​គ្នា​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យើង​ឃើញ​ទិដ្ឋភាព​ទាំង​នោះ​នៅ​គ្រប់​ទិស​ទី។ អ្នក​អាច​មើល​ទូរទស្សន៍​ អ្នក​អាច​ឃើញ​កិច្ចការ​ដ៏​អស្ចារ្យ​និង​ក្តី​ស្រឡាញ់​ផង​ដែរ»។

លោក​ប្រធានាធិបតី​បាន​ប្តេជ្ញា​ថា ​រដ្ឋាភិបាល​សហព័ន្ធ​នឹង​ជួយ​ពេញ​ទំហឹង​ចំពោះ​តំបន់​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​រដ្ឋ Texas និង​រដ្ឋ​ Louisana ហើយ​ថា បុគ្គលិក​សហព័ន្ធ​ចំនួន៨,៥០០នាក់​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ក្នុង​រដ្ឋ Texas។

«ការ​ជួយ​សង្គ្រោះ​នឹង​មាន​រយៈ​ពេល​វែង​និង​ពិបាក ហើយ​រដ្ឋាភិបាល​សហព័ន្ធ​ត្រៀម​លក្ខណៈ​រួច​រាល់ ហើយ​អាច​ជួយ​គាំទ្រ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​នោះ»។

ការ​ខូច​ខាត​ផ្ទះ​សម្បែង​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ត្រូវ​បាន​មើល​ឃើញ​ជាក់​ស្តែង ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ភ្លៀង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះ​ថមថយ។ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​ថ្លែង​ថា អាទិភាព​របស់​ពួក​គេ​គឺ​សង្គ្រោះ​ជីវិត​របស់​មនុស្ស»។

អភិបាល​រដ្ឋ Texas លោក Greg Abbott បាន​ថ្លែង​ថា កិច្ច​ការ​ស្តារ​ថាមពល​អគ្គិសនី​ឡើង​វិញ​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​មួយ​ថ្ងៃ​ពីរ​ខាង​មុខ។

លោក​អភិបាល​រដ្ឋ Greg Abbott បាន​ថ្លែង​ថា៖

«យើង​ដឹង​ថា តម្រូវ​ការ​ធំបំផុត​មួយ​គឺ​ការ​ដោះស្រាយ​បញ្ហា​ថាមពល​ទាំង​អស់​នោះ។ បើ​មិន​មាន​ថាមពល​ទាំង​នោះ​ទេ អ្នក​នឹង​មាន​ការ​លំបាក​ធ្វើ​អ្វី​ផ្សេង​ទៀត។ ដូច្នេះ យើង​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ យើង​នឹង​បាន​ថាមពល​អគ្គិសនី​ត្រឡប់​មក​វិញ។ យើង​ក៏​ចង់​ធានា​ថា ម្ហូប​អាហារ​និង​ទឹក​ នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​គ្រប់​គ្នា​ដែល​ត្រូវ​ការ​វា»។

លោក Trump ក៏​បាន​ផ្តល់​ថវិកា​សង្គ្រោះ​បន្ទាន់​សម្រាប់​រដ្ឋ Louisiana កាលពី​ថ្ងៃ​ចន្ទ​តាម​សំណើ​របស់​លោក​អភិបាល​រដ្ឋ John Bel Edwards។
​អភិបាល​រដ្ឋ Louisiana លោក John Bel Edwards បាន​ថ្លែង​ថា៖

«ច្បាស់​ណាស់​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គ្រប់​ពេល ហើយ​ខណៈ​ដែល​ភ្លៀង​នេះ​បក់បោក​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​កើត។ ដូច្នេះ​ហើយ​ គ្រោះ​ដ៏​អាក្រក់​បំផុត​នេះ​នឹង​មក​ដល់​រដ្ឋ Louisiana របស់​យើង»។

សំណើ​ថវិកា​របស់​រដ្ឋបាល​លោក​ ចង់​កាត់​បន្ថយ​ថវិកា​នៅ​ក្នុង​កម្មវិធី​សង្គ្រោះ​បន្ទាន់​សហព័ន្ធ​និង​កម្មវិធី​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​ទឹក​ជំនន់។ ប៉ុន្តែ​លោក​ប្រធានាធិបតី​ថ្លែង​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជួយ​សង្គ្រោះ​នៅ​ក្នុង​រដ្ឋ Texas និង​រដ្ឋ Louisiana នឹង​ត្រូវ​ការ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ជំនួយ​ដែល​នឹង​ត្រូវ​អនុញ្ញាត​ដោយ​សភា៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG