ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្យល់​ព្យុះ Harvey បាន​ធ្វើ​ឲ្យ​មនុស្ស ២ នាក់​ស្លាប់និង​​យ៉ាង​តិច​របួស ១៤ នាក់


ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​ Harvey និង​ត្រូវ​បាន​រុំព័ទ្ធ​ដោយ​ទឹក​ជំនន់​នៅក្រុង Rockport រដ្ឋ Texas កាល​ពី​ថ្ងៃទី​២៦ សីហា ២០១៧។

ខ្យល់​ព្យុះ​ត្រូពិក Harvey បាន​សម្លាប់​មនុស្ស​ទី​ពីរ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ពេល​ដែល​ទឹក​ជំនន់ និង​ខ្យល់​គួច​នៅតែ​បន្ត​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​រដ្ឋ Texas សហរដ្ឋ​អាមេរិក។

អាជ្ញាធរ​បាន​បញ្ជាក់​ថា មនុស្ស​ទី​ពីរ​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ស្ត្រី ដែល​គាត់​បាន​ស្លាប់​បន្ទាប់ពី​បាន​ចេញ​ពី​រថយន្ត​របស់​គាត់​ដែល​ជាប់​នៅ​តាម​ដង​ផ្លូវ​ដែល​ពោរពេញ​ដោយ​ទឹក​ជំនន់​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​ទីក្រុង Houston។

ចំណែក​ឯ​មនុស្ស​ដំបូង​ដែល​បាន​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​នេះ គឺ​ជា​ជន​រងគ្រោះ​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​ជន​រងគ្រោះ​នេះ​បាន​ស្លាប់​នៅ​ក្នុង​អគ្គីភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ក្នុង​ក្រុង Rockport ដែល​មាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង Corpus Christi។

ទីភ្នាក់ងារ​ជាតិ​អាកាស​ធាតុ​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ខ្យល់​គួច​ចំនួន ៧ លើក បាន​កើត​ឡើង​នៅ​តំបន់​ទីក្រុង Houston ចាប់តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​មក។

ក្រៅ​ពី​ធ្វើ​ឲ្យ​មនុស្ស ២ នាក់ ស្លាប់​បាត់បង់​ជីវិត ខ្យល់​ព្យុះ Harvey នេះ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ១៤ នាក់ ផ្សេង​ទៀត​រង​របួស​ផង​ដែរ។ នៅ​ក្នុង​តំបន់​រវាង​ទីក្រុង Corpus Christi និង​ទីក្រុង Houston មនុស្ស​ជា​ច្រើន​ខ្លាច​ថា តួលេខ​អ្នក​ស្លាប់ និង​របួស​អាច​មាន​ការ​កើន​ឡើង។ អាជ្ញាធរ​រដ្ឋ Texas បាន​និយាយ​ថា ពួកគេ​រំពឹង​ថា​នឹង​អាច​ស្វែង​រក​ជន​រងគ្រោះ​បន្ថែម​ទៀត ស្រប​ពេល​ដែល​ខ្យល់​ព្យុះ​នេះ​ធ្វើ​ដំណើរ​ផុត​ពី​តំបន់​រង​គ្រោះ​ទាំង​នោះ៕

XS
SM
MD
LG