កាលពីអតីតកាល ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានហៅទស្សនៈនៃការឡើងកម្តៅផែនដីថាជាការបោកបញ្ឆោតដែលធ្វើឡើងដោយចិនដើម្បីធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយឥឡូវនេះ ចិនកំពុងឆ្លើយតបដោយពោលពាក្យបញ្ឆិតបញ្ឆៀងដល់លោកត្រាំ។
កាលពីថ្ងៃពុធម្សិលមិញ លោក Liu Zhemin អនុរដ្ឋមន្រ្តីការបរទេសចិន បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងការចរចារបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Marrakesh នៃប្រទេសម៉ារ៉ុកថា ប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reagan និងប្រធានាធិបតី George W/ Bush បានចាប់ផ្តើមចរចាស្តីពីការប្រយុទ្ធការផ្លាស់ប្តូរអាកាសធាតុដោយមិនជូនដំណឹងដល់ប្រទេសចិនកាលពីមួយទសវត្សរ៍មុន ដូច្នេះ វាមិនអាចនិយាយថា ប្រទេសចិនបានបង្កើតទស្សនៈនៃការផ្លាស់ប្តូរអាកាសធាតុនោះទេ។
អនុរដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា «ប្រសិនបើ អស់លោក អ្នក ក្រឡេកមើលប្រវត្តិនៃការចរចាការផ្លាស់ប្តូរអាកាសធាតុ តាមការពិត វាត្រូវបានផ្តួចផ្តើមដោយគណៈកម្មការអន្តរជាតិស្តីពីការផ្លាស់ប្តូរអាកាសធាតុដោយមានការគាំទ្រពីគណបក្សសាធារណរដ្ឋក្នុងអំឡុងពេលសម័យប្រធានាធិបតី Reagan ហើយនិងមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់រដ្ឋបាល Bush នៅចុងទសវត្សរ៍១៩៨០»។
ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំមិនទាន់ឆ្លើយតបទៅនឹងអត្ថាធិប្បាយរបស់អនុរដ្ឋមន្រ្តីការបរទេសចិនលោក Zhenmin ទេ។
សេចក្តីថ្លែងការណ៍របស់លោក Zhemin កើតមានឡើងនៅក្នុងការឆ្លើយតបទៅនឹងសារតាមបណ្តាញ Tweeter របស់លោកត្រាំដែលបានចុះផ្សាយកាលពីឆ្នាំ២០១២ ដែលក្នុងនោះលោកបានស្តីបន្ទោសចិនចំពោះការបង្កើតការផ្លាស់ប្តូរអាកាសធាតុថាជាការបោកបញ្ឆោត៕