បេក្ខជនដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជ្រើសរើសឲ្យធ្វើជាមេបញ្ជាការកងទ័ពរបស់អាមេរិកនោះបានដកបេក្ខភាពរបស់ខ្លួន ដោយលើកឡើងថាលោកមិនអាចបម្រើការនៅក្រសួងការពារប្រទេសដោយសារតែលោកបារម្ភពីពាណិជ្ជកម្មរបស់លោក។
កាសែត The Military Times បានរាយការណ៍មកថាលោក Vincent Viola បានចេញសេចក្តីថ្លែងការណ៍មួយថា លោកពិតជាមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសឲ្យកាន់តំណែងនេះ ប៉ុន្តែថាលោកនឹងមិនអាចឆ្លងកាត់ការអនុម័តដោយជោគជ័យនោះទេ។
លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស Jim Mattis បានថ្លែងថា លោកខកចិត្ត ប៉ុន្តែលោកយល់និងគោរពការសម្រេចចិត្តរបស់លោក Viola។ សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារប្រទេសបានលើកឡើងថា៖ «លោករដ្ឋមន្ត្រីនឹងណែនាំបេក្ខជនមួយរូបទៀតដល់លោកប្រធានាធិបតីនៅក្នុងពេលឆាប់ៗខាងមុខនេះ»។
លោក Viola គឺជាអតីតយុទ្ធជនមួយរូបហើយក៏ជាស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មដែលរីកលូតលាស់យ៉ាងឆាប់រហ័សមួយផងដែរ។ លោកគឺជាអតីតប្រធានក្រុមហ៊ុន New York Mercantile Exchange ហើយបច្ចុប្បន្នលោកគឺជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិកនាំមុខមួយ។ កាលពីឆ្នាំ២០១៣ លោកជាមួយនឹងនាយកប្រតិបតិ្តនៃក្រុមហ៊ុន Virtu លោក Douglas Cifu បានទិញក្រុមកីឡា Ice Hockey ដែលមានឈ្មោះថា Florida Panthers៕