លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋគុយបា បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់លោក ហ្វីឌែល កាស្រ្តូ ដើម្បីចូលរួមរំលែកទុក្ខ ព្រមទាំងប្រាប់ដល់ពួកគេផងដែរថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រក្រតីឡើងវិញ ។
លោកអូបាម៉ា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា «ថ្ងៃនេះ យើងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់លោក ហ្វីឌែល កាស្ត្រូ ហើយយើងគិតទៅដល់ប្រជាពលរដ្ឋគុយបាទាំងអស់គ្នា ។ នៅប៉ុន្មានថ្ងៃខាងមុខទៀត ពួកគេនឹងក្រឡេកមើលទៅកាន់អតីតកាល ហើយក៏សម្លឹងទៅកាន់អនាគតផងដែរ ។ នៅពេលនោះ ប្រជាពលរដ្ឋគុយបានឹងដឹងថាពួកគេមានមិត្តភក្ដិ និងដៃគូនៅសហរដ្ឋអាមេរិក»។
ដោយដឹងច្បាស់ថាប្រជាពលរដ្ឋគុយបា ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសគុយបា មានអារម្មណ៍ផ្សេងៗគ្នាចំពោះការដឹកនាំរបស់លោក កាស្រ្តូ លោកអូបាម៉ា មិនបានសរសើរ ឬធ្វើការថ្កោលទោសលោក កាស្រ្តូ ដូចមេដឹកនាំពិភពលោកផ្សេងៗទៀតនោះទេ ប៉ុន្តែផ្ទុយទៅវិញ លោកបាននិយាយថា លោកសូមឲ្យប្រវត្តិសាស្ត្រកត់ត្រា និងធ្វើការវិនិច្ឆ័យនូវផលប៉ះពាល់ដែលលោក កាស្ត្រូ បានបន្សល់ទុកលើពិភពលោកនេះ ។
លោកបាននិយាយថា «ក្នុងអំឡុងពេលនៃការកាន់តំណែងជាប្រធានាធិបតីរបស់ខ្ញុំ យើងបានព្យាយាមទុកឲ្យអតីតកាលរបស់យើងនៅដោយឡែក ដោយបន្តអនាគតមួយដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងជាមួយគ្នា មិនមែនដោយសារតែភាពខុសគ្នារបស់ពួកយើង ប៉ុន្តែដោយសារតែយើងមានភាពដូចគ្នាជាច្រើនក្នុងនាមជាអ្នកជិតខាង និងមិត្តភក្ដិ ដែលមានដូចជា ចំណងគ្រួសារ វប្បធម៌ ពាណិជ្ជកម្ម និងមនុស្សជាតិរួមគ្នា »។
ចំណែកឯ លោក ដូណាល់ ត្រាំ ប្រធានាធិបតីដែលទើបជាប់ឆ្នោត បានសរសេរនៅលើបណ្តាញសង្គម Tweeter របស់លោក កាលពីព្រឹកថ្ងៃសៅរ៍ថា «លោក ហ្វីឌែល កាស្រ្តូ បានស្លាប់ហើយ!» បន្ទាប់មកទៀត លោកក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដែលនៅក្នុងនោះលោកបានហៅលោក កាស្ត្រូថា «មេដឹកនាំផ្ដាច់ការដ៏កាចសាហាវ» ដែលបានគាបសង្កត់ជិះជាន់ប្រជាពលរដ្ឋរបស់ខ្លួនអស់រយៈពេលជិត ៦០ឆ្នាំ»។
លោកត្រាំ បាននិយាយថា «ការដឹកនាំរបស់លោក ហ្វីឌែល កាស្រ្តូ គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមានការបាញ់ប្រហារ ចោរកម្ម ការរងទុក្ខវេទនាដែលនឹកស្មានមិនដល់ ភាពក្រីក្រ និងការប្រឆាំងនឹងសិទ្ធិមនុស្សជាមូលដ្ឋាន »។ បើទោះបីជាលោក ត្រាំ ប្រកាន់គោលជំហរដ៏រឹងមាំប្រឆាំងនឹងលោក កាស្រ្តូ យ៉ាងណាក៏ដោយ ក៏លោកបាននិយាយថា «លោកសង្ឃឹមថាមរណភាពរបស់លោក កាស្រ្តូនឹងនាំឲ្យមានចលនាមួយដែលឃ្លាតចាកពីទុក្ខវេទនាដែលប្រជាពលរដ្ឋគុយបា បានស៊ូទ្រាំទទួលរងជាយូរយារណាស់មកហើយនោះ»។ ហើយលោកក៏បានបន្ថែមថា រដ្ឋបាលរបស់លោកនឹងធានាឲ្យប្រាកដថា ប្រជាពលរដ្ឋគុយបានឹងទទួលបានសេរីភាព និងវិបុលភាព៕