លោក Terry Branstad អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិននាអាណត្តិបន្ទាប់ ដែលទើបត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងបន្តជំរុញរដ្ឋាភិបាលក្រុងប៉េកាំងឲ្យសហការជាមួយសហរដ្ឋអាមេរិក ដើម្បីជួយបញ្ឈប់ការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
លោក Terry Branstad ដែលបច្ចុប្បន្ននេះ ជាអភិបាលរដ្ឋ Iowa បានថ្លែងប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា កាលពីថ្ងៃអង្គារម្សិលមិញថា៖ «ដូចដែលបណ្ដាប្រទេសនានានៅក្នុងទ្វីបអាស៊ីទទួលស្គាល់អញ្ចឹងដែរ រដ្ឋាភិបាលក្រុងប៉េកាំងបានទទួលស្គាល់ថា មហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះមនុស្សជាតិ ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវតែផ្ដោតលើវិធីណា ដែលយើងអាចធ្វើការជាមួយគ្នាបាន»។
នៅក្នុងអំឡុងពេលសវនាការផ្ដល់សច្ចានុមតិរបស់លោក លោក Branstad បានបញ្ជាក់ថា ប្រទេសចិន ដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយក៏មិនចង់ឃើញជនជាតិកូរ៉េខាងជើងរាប់ពាន់នាក់ហូរចូលមកក្នុងទឹកដីរបស់ខ្លួន នៅក្នុងករណីដែលសង្គ្រាមកើតឡើងនោះទេ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនរូប បានបញ្ជាក់អំពីការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងប្រទេសចិន។ ចំណែកឯ Branstad វិញ ព្យាយាមបញ្ជាក់ឲ្យសមាជិកព្រឹទ្ធសភាទាំងនោះផ្ដល់សេចក្ដីទុកចិត្តដល់រូបលោក ថាលោកអាចធ្វើបាន ដោយលោកបាននិយាយថា ប្រសិនបើព្រឹទ្ធសភាផ្ដល់សច្ចានុមតិដល់រូបលោកជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន លោកនឹងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីតំណាងឲ្យតម្លៃសហរដ្ឋអាមេរិកចំពោះមេដឹកនាំ និងប្រជាពលរដ្ឋចិន។
លោកថា លោកនឹងមិនត្រឹមតែអញ្ជើញអ្នកប្រឆាំង និងសង្គមស៊ីវិលមកស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៉េកាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ធ្វើដំណើរទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេសចិន ដើម្បីជួបអ្នកទាំងនោះទៀតផង៕