នៅថ្ងៃច័ន្ទនេះ លោកស្រីប្រធានាធិបតី Park Geun-hye នៃប្រទេសកូរ៉េខាងត្បូង បានទៅសួរសុខទុក្ខលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Mark Lippert ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយត្រូវបានគេឆូតនឹងកាំបិតនៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុន។
សកម្មជនម្នាក់និងជាអ្នកមានសមានចិត្តអាណិតកូរ៉េខាងជើង បានឆូតលើមុខនិងកដៃរបស់លោក Lippert កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលប្រុងប្រៀបធ្វើសុន្ទរកថានៅឯសាលសិក្សាមួយនៅក្នុងទីក្រុងសេអ៊ូល។
ភ្លាមៗបន្ទាប់ពីវិលត្រឡប់មកពីដំណើរបំពេញទស្សនកិច្ចនៅតំបន់មជ្ឈឹមបូព៌ា លោកស្រីប្រធានាធិបតី Park បានប្រាប់លោកឯកអគ្គរដ្ឋទូត Lippert កាលពីថ្ងៃសុក្រថា បេះដូងរបស់លោកស្រីមានការឈឺចាប់ ពីព្រោះតែលោកឯកអគ្គរដ្ឋទូត បានទទួលរងគ្រោះដូចគ្នាដែលលោកស្រីប្រធានាធិបតីធ្លាប់បានទទួលកាលពីពេលមុន។ លោកស្រីប្រធានាធិបតី Park បានត្រូវគេឆូតមុខក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតក្នុងទីក្រុងសេអ៊ូលឆ្នាំ២០០៦។ លោកស្រីបានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យដូចគ្នាដែលលោកឯកអគ្គរដ្ឋទូត Lippert បានព្យាបាល។
លោកស្រីប្រធានាធិបតី បានមានប្រសាសន៍ថា៖
«ខ្ញុំបានជួបប្រទះឧបទ្ទវហេតុប្រហែលគ្នានេះដែរនៅឆ្នាំ២០០៦ ហើយខ្ញុំបានធ្វើការវះកាត់ប្រហែលរយៈពេល២ម៉ោង៣០នាទីនៅឯមន្ទីរពេទ្យនេះ។ វាធ្វើឲ្យកាន់តែខ្លោចចិត្តបំផុតដែលឃើញលោកឯកអគ្គរដ្ឋទូតបានឆ្លងកាត់បញ្ហាដូចគ្នានេះ»៕