ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជួប​ជាមួយ​សម្ដេច​ប៉ាប Francis នៅ​វិមាន​វ៉ាទីកង់


លោកស្រី Ivanka Trump និង​លោក​ប្រធានាធិបតី Donald Trump ឈរ​ជាមួយ​នឹង​សម្តេច​ប៉ាប Francis ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Ivanka Trump និង​លោក​ប្រធានាធិបតី Donald Trump ឈរ​ជាមួយ​នឹង​សម្តេច​ប៉ាប Francis ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump និង​សម្ដេច​ប៉ាប Francis បាន​ជួប​ពិភាក្សា​គ្នា​រយៈពេល ៣០ នាទី នៅ​ឯ​វិមាន​វ៉ាទីកុង នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ផ្ដោត​លើ​ជំនឿ​អាប្រាហាំ​ទាំង ៣ ដែល​មាន​ដូចជា សាសនា​យូដា (Judaism) របស់​ជនជាតិ​ជ្វីហ្វ សាសនា​គ្រិស្ត និង​សាសនា​ឥស្លាម។

បន្ទាប់​ពី​លោក​ទាំង​ពីរ​បាន​អង្គុយ​ស្រួលបួល​នៅ​ក្នុង​បន្ទប់​សិក្សា​ឯកជន​របស់​សម្ដេច​ប៉ាប រួច​មក លោក Trump បាន​ថ្លែង​ទៅ​កាន់​សម្ដេច​ប៉ាប ដែល​ជា​មេដឹកនាំ​វិហារ​គ្រិស្ត​សាសនា​រ៉ូម៉ាំង​កាតូលិក ថា «នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ណាស់‍» ដែល​លោក​ទាំង​ពីរ​បាន​ជួប​គ្នា។

បន្ទាប់​ពី​លោក Trump បាន​ជួប​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​ជាមួយ​នឹង​សម្ដេច​ប៉ាប នៅ​ឯ​វិមាន Apostolic រួច​មក ក៏​មាន​ជំនួប​បន្ថែម​ទៀត​រយៈពេល​ខ្លី​ជាមួយ​នឹង​សមាជិក​ដទៃ​ទៀត​នៃ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ផង​ដែរ ដូចជា​លោកស្រី Melania Trump ដែល​ជា​ភរិយា​របស់​លោក Trump លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson លោក​ទីប្រឹក្សា​សន្តិសុខ​ជាតិ H.R. McMaster កូន​ស្រី​របស់​លោក Trump អ្នកស្រី Ivanka និង​ស្វាមី​លោក Jared Kushner ជា​ដើម។

គេ​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​អំណោយ​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នេះ។

លោក​ប្រធានាធិបតី Trump បាន​ប្រគល់​សៀវភៅ​របស់​លោក Martin Luther King មួយ​ចំនួន ដល់​សម្ដេច​ប៉ាប។ ចំណែក​ឯ​សម្ដេច​ប៉ាប​វិញ​ប្រគល់​មេដាយ​តំណាង​ឲ្យ​សន្ដិភាព ដែល​ធ្វើ​ឡើង​ដោយ​វិចិត្រករ​រ៉ូម៉ាំង​មួយ​រូប និង​សៀវភៅ ៣ ក្បាល ទាក់ទង​នឹង​គ្រួសារ ព្រះ​យេស៊ូ និង បរិស្ថាន។

នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ លោក Trump នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ លោក Trump នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​ប្រទេស​អ៊ីតាលី​វិញ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ G ៧៕

XS
SM
MD
LG