ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​លោក​ ត្រាំ អះអាង​ថា​ សមាជិក​បក្ស​ប្រជាធិបតេយ្យ​ចង់«លុបចោល»​ការ​បោះឆ្នោត​អាណត្តិ​មុន


ក្រុមមេធាវីការពារក្តីលោកប្រធានាធិបតី ដូណាល់ ត្រាំ រួមមានលោក Jay Sekulow (កណ្តាល) និងលោក Pat Cipollone ទីប្រឹក្សាសេតវិមាន បានមកដល់សវនាការជំនំុជម្រះក្តីដកប្រធានាធិបតីពីតំណែង នៅព្រឹទ្ធសភាអាមេរិក ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃ​សៅរ៍​នេះ ក្រុម​មេធាវី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​ការពារ​ក្តី​ប្រឆាំង​នឹង​ការ​ចោទ​ទម្លាក់​លោក ត្រាំ ពី​តំណែង​ ដោយ​ចោទ​ប្រកាន់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​ព្យាយាម​លុបចោលការ​បោះឆ្នោត​ឆ្នាំ ២០១៦។ ក្រុម​មេធាវី​បាន​អះអាង​ថា ការ​ស៊ើបអង្កេត​លើ​សកម្មភាព​របស់​លោក ត្រាំ ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន មិនមែន​ជា​បេសកកម្ម​ស្វែងរក​ការពិត​ទេ ប៉ុន្តែ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងការ​ដក​លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង​ទៅវិញ​ទេ។

លោក​ Pat Cipollone ទីប្រឹក្សា​សេតវិមាន បាន​ថ្លែង​ទៅកាន់​ព្រឹទ្ធសភា​ថា៖ «​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មាន​វត្តមាន​នៅទីនេះ ដើម្បី​អនុវត្ត​ការ​ជ្រៀតជ្រែក​ដ៏​ធំធេង​របស់​ពួកគេ​នៅក្នុង​ដំណើរការ​បោះឆ្នោត​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក»។

ទីប្រឹក្សាសេតវិមាន​រូបនេះ បាន​បន្តទៀតថា៖ «យើង​មិន​អាច​អនុញ្ញាត​ឲ្យ​រឿងនេះ​កើត​ឡើង​ជា​ដាច់ខាត»។​

ហេតុផល​របស់​ក្រុម​មេធាវី​របស់​លោក ត្រាំ នៅ​ក្នុង​ដំណើរ​សវនាការ​នៅថ្ងៃ​សៅរ៍​នេះ មាន​បំណង​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​ប្រធានាធិបតី​បាន​រំលោភ​អំណាច​ជា​ប្រធានាធិបតី នៅពេល​ដែល​លោក​បាន​ស្នើ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​ដៃគូប្រកួត​របស់​លោក គឺ​លោក​ Joe Biden និង​ការ​ចោទ​ប្រកាន់​មួយ​ទៀត​ដែល​ថា លោក​ ត្រាំ បាន​រារាំង​កិច្ចការ​របស់​រដ្ឋសភា នៅពេល​ដែល​រដ្ឋសភា​ព្យាយាម​ស៊ើបអង្កេត​លើ​សកម្មភាព​រវាង​លោក​ ត្រាំ និង​មេដឹកនាំ​ប្រទេស​អ៊ុយក្រែន។

ក្រុម​មេធាវី​ការពារ​ក្តី​លោក​ប្រធានាធិបតី កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការពារក្តី​ខ្លាំងក្លា ដោយ​បង្ហាញ​ពី​ទ្រឹស្តីដ៏ទូលាយ​ស្តីពី​អំណាច​ប្រធានាធិបតី និងដោយ​បង្ហាញ​ថា ដៃគូប្រជែង​ខាង​នយោបាយ​របស់​លោក​ ត្រាំ បាន​ព្យាយាម​ធ្វើយ៉ាងណា​មិន​ឲ្យ​រូបលោក​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​ប្រធានាធិបតី​បន្ត​ទៀត​ នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។​

លោក Pat Cipollone បាន​ថ្លែង​ថា៖ «ពួកគេ​សុំ​ឲ្យ​អ្នក [សមាជិក​ព្រឹទ្ធសភា] លុបចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិមុន ហើយ​ដូចដែល​ខ្ញុំ​បាន​លើក​ឡើង​កាលពី​លើក​មុន ពួកគេ​ក៏​សុំ​ឲ្យ​អ្នក​ដក​លោក​ប្រធានាធិបតី ត្រាំ ចេញពី​ការ​បោះឆ្នោត​ដែល​នឹង​កើតឡើង​នៅ​ក្នុង​រយៈពេល​ ៩ខែ​ខាង​មុខ​នេះ។ ពួកគេ​សុំ​ឲ្យ​អ្នក​បំផ្លាញ​សន្លឹកឆ្នោត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ តាម​រយៈ​កិច្ចផ្តួចផ្តើម​របស់​ពួកគេ​ផ្ទាល់»។

បើទោះបីជា​លោក​ប្រធានាធិបតី​ ត្រាំ គឺជា​ចុងចោទ​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ទោស​នេះ​ក្តី ក៏​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​ មាន​បំណង​យ៉ាង​ច្បាស់​ក្នុងការ​ពិនិត្យមើល​លើ​កិច្ចការ​របស់​ទីភ្នាក់ងារ​ FBI និង​ក្នុងការ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ជំនុំជម្រះ​ក្តី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង គឺគ្រាន់តែ​ការ​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​លើ​លោក ត្រាំ តាំងពី​លោក​បាន​ឡើង​កាន់​តំណែង ក្នុងនោះ​រួមមាន​ការ​ចោទប្រកាន់​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាណត្តិ​មុន ដែល​លោក​ ត្រាំ បាន​ឈ្នះ។

លោក Jay Sekulow មេធាវី​ម្នាក់​របស់​លោក ត្រាំ បាន​អះអាង​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស៊ើបអង្កេត​អំពី​សកម្មភាព​របស់​លោក​ប្រធានាធិបតី​ជាមួយ​ប្រទេស​អ៊ុយក្រែន ដោយសារតែ​ពួកគេ​មិន​អាច​ធ្វើ​អ្វី​បាន​លើ​លោក ត្រាំ ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​នោះ៕

ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG