លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានលើកសរសើរអំពីការបន្តកើនឡើងសេដ្ឋកិច្ចអាមេរិក ដោយនិយាយថា សេដ្ឋកិច្ចអាមេរិកបានប្រសើរឡើងជាងពេលណាៗទាំងអស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
លោក ត្រាំ បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ថា «ជំនួញកំពុងតែត្រឡប់មកអាមេរិកវិញ ដែលមិនធ្លាប់មានពីមុនមកនោះទេ»។ នេះទំនងជានឹងក្លាយជាប្រធានបទនៃការធ្វើសុន្ទរកថាអំពីបញ្ហាប្រទេសជាតិរបស់លោកនៅថ្ងៃអង្គារនេះ។ លោកបានបន្ថែមថា «ភាពគ្មានការងារធ្វើគឺធ្លាក់ចុះ។ យើងកំពុងតែដើរតាមផ្លូវត្រូវ»។
លោកបានថ្លែងថា «ជាឧទាហរណ៍ ក្រុមហ៊ុន Chrysler កំពុងតែចាកចេញពីប្រទេសម៉ិកស៊ិក ហើយត្រឡប់មកកាន់អាមេរិកវិញ» ដែលនេះជាការនិយាយបំផ្លើសទៅលើផែនការពង្រីកជំនួញរបស់ក្រុមហ៊ុន Chrysler។ ក្រុមហ៊ុន Fiat Chrysler ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៨នៅលើពិភពលោកនិយាយថា ខ្លួនកំពុងតែវិនិយោគប្រាក់ចំនួន១ពាន់លានដុល្លារ ដើម្បីផលិតរថយន្ត pickup នៅក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ដោយបានផ្លាស់ប្ដូរការផលិតពីប្រទេសម៉ិកស៊ិកមក ប៉ុន្តែក្រុមហ៊ុននេះមិនបានកាត់បន្ថយការងារផលិតរថយន្តនៅក្នុងប្រទេសម៉ិកស៊ិកនោះទេ។
អត្រាគ្មានការងារធ្វើនៅអាមេរិកបាននៅស្ថេរក្នុងអត្រា ៤,១% ក្នុងរយៈពេលបីខែចុងក្រោយនេះ ដែលនេះជាតួលេខទាបបំផុតក្នុងរយៈពេល១៧ឆ្នាំ។ សេដ្ឋកិច្ចអាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតនៅក្នុងពិភពលោក កើនឡើង២,៣%កាលពីឆ្នាំមុន ដែលជាឆ្នាំទីមួយក្នុងតំណែងជាប្រធានាធិបតីរបស់លោក ត្រាំ។ អត្រានេះកើនឡើងពីឆ្នាំ២០១៦ ដែលមានអត្រាត្រឹមតែ១,៥%ប៉ុណ្ណោះ៕