ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump ​លើកលែង​ទោស​លោក ​Flynn ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​


រូប​ឯកសារ៖ លោក ​Michael Flynn អតីត​​ទីប្រឹក្សា​សន្តិសុខជាតិ​​​ និង​មេធាវី​របស់​លោក​ គឺ​អ្នកស្រី​ Sidney Powell ដើរ​ចេញ​ពី​តុលាការ​សហព័ន្ធ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ លោក ​Michael Flynn អតីត​​ទីប្រឹក្សា​សន្តិសុខជាតិ​​​ និង​មេធាវី​របស់​លោក​ គឺ​អ្នកស្រី​ Sidney Powell ដើរ​ចេញ​ពី​តុលាការ​សហព័ន្ធ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump ​បាន​លើកលែង​ទោស​លោក ​Michael Flynn ​ដែល​ជា​ទីប្រឹក្សា​សន្តិសុខជាតិនៅ​ដំណាក់កាល​ដំបូងនៃ​រដ្ឋបាល​របស់​លោក​ដោយ​នេះបញ្ចប់​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​លោក​Trump ​កន្លង​មក​បាន​និយាយ​ថា​មិន​យុត្តិធម៌​ខណៈ​លោកទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ។​

លោក ​Trump​ បាន​សរសេរ​កាលពី​ថ្ងៃ​ពុធ​ថា៖ «វា​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្ញុំ​ដែល​បាន​ប្រកាស​ថា​ឧត្តមសេនីយ៍ ​Michael T. Flynn ​បាន​ទទួល​ការ​លើកលែង​ទោស​ពេញលេញ។​លោក​ឧត្តមសេនីយ៍ Flynn សូម​ឲ្យ​លោក​មាន​ជីវិត​អស្ចារ្យ!»។

អ្នកស្រី​ Nancy Pelosi ប្រធាន​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​ការ​លើកលែង​ទោស​នេះ​ដោយ​និយាយ​ថា​លោក​ Flynn​ គួរ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ជា​«ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​យើង»។​

អ្នកស្រី ​Pelosi ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ ​«គួរ​ឱ្យ​ស្តាយ​ការ​លើកលែង​ទោស​នេះ​គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​បង្ហាញ​ថា​លោក ​Trump​គ្រោង​នឹង​ប្រើ​ឱកាស​ចុង​ក្រោយ​របស់​លោក​ពេលនៅ​មាន​តំណែង​ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ​បន្ទាប់​ពី​អាណត្តិប្រធានាធិបតី​របស់​លោក​បរាជ័យ។ នៅ​ក្នុង​សភា​ថ្មីវា​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​អនុម័ត​ច្បាប់​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​នៅ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា​ដែល​រារាំង​មិន​ឲ្យ​ប្រធានាធិបតីរំលោភ​អំណាច​លើកលែង​ទោស»។​

លោក ​Flynn ​បាន​សារភាព​ទោស​កំហុស​ពីរ​ដង​ថា លោក​បាន​កុហក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI អំពី​ការ​សន្ទនា​របស់​លោក​ជាមួយ​លោក ​Sergey Kislyak ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះអំពីការ​ដាក់​ទណ្ឌកម្ម​ដែល​រដ្ឋបាល​លោក​Obama​បានដាក់​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៦។​

ការ​សន្ទនា​បាន​ធ្វើ​ឡើង​ចន្លោះការ​ជាប់​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០១៦​របស់​លោក​ Trump​ និងពេល​ដែល​លោក​ចូល​កាន់​តំណែង​នៅ​ខែ​មករា​ឆ្នាំ​២០១៧ ។​ មន្ត្រី​រដ្ឋបាល​លោក ​Obama​ បាន​ព្រមាន​រដ្ឋបាល​លោក ​Trump ​ថា​លោក ​Flynn ​អាច​ងាយ​រង​គ្រោះ​ដោយ​ការ​គំរាមកំហែង​ហើយ​បន្ទាប់​ពី​បាន​ចូល​ធ្វើ​ការ​បាន​ជិត​មួយ​ខែ​លោក ​Trump ​ដក​លោក​ Flynn ចេញ៕

XS
SM
MD
LG