ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ចោទរដ្ឋបាលលោក អូបាម៉ា ថាកំពុងប៉ុនប៉ងធ្វើឲ្យលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ទន់ខ្សោយតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីលោក ត្រាំ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ លោក ពូទីន បានថ្លែងថាការផ្សព្វផ្សាយឯកសារដែលមិនអាចបញ្ជាក់ថាជាឯកសារពិតប្រាកដ កាលពីសប្តាហ៍មុនដែលចោទប្រកាន់លោក ត្រាំ ពាក់ព័ន្ធនឹងរឿង អាស្រូវផ្លូវភេទនោះ ជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់របស់លោកប្រធានាធិបតីជាប់ឆ្នោត ទោះជាលោកបានឈ្នះឆ្នោតយ៉ាងច្បាស់លាស់ក៏ដោយ។
លោក ពូទីន ថាជារឿងក្លែងក្លាយ ចំពោះការចោទប្រកាន់មួយនៅក្នុងឯកសារនោះ ដែលថាលោក ត្រាំ បានប្រព្រឹត្តសកម្មភាពផ្លូវភេទនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងមូស្គូកាលពីឆ្នាំ២០១៣។
លោក Putin បានបន្ថែមថា ពួកអ្នកទទួលខុសត្រូវក្នុងការចោទប្រកាន់នេះ «អាក្រក់ជាងពួកអ្នករកស៊ីផ្លូវភេទ»ទៅទៀត ហើយលោកចោទសួរថា តើហេតុអ្វីបានជាលោក ត្រាំ ត្រូវការស្រ្តីពេស្យា បើលោកបានជួបបណ្តាស្រ្តីដែលមានសម្ភស្សស្អាតជាងគេបង្អស់ក្នុងពិភពលោករួចហើយនោះ»៕