ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថាគណបក្សប្រជាធិបតេយ្យនឹងមិនខ្វល់ពីប្រទេសអ៊ីស្រាអែល ប្រសិនបើឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ


ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងនៅក្នុងកិច្ចប្រជុំសម្ព័ន្ធសាសនាយូដា គណបក្ស សាធារណរដ្ឋកាលពីថ្ងៃ០៦ មេសា ឆ្នាំ ២០១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងនៅក្នុងកិច្ចប្រជុំសម្ព័ន្ធសាសនាយូដា គណបក្ស សាធារណរដ្ឋកាលពីថ្ងៃ០៦ មេសា ឆ្នាំ ២០១៩។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមាន កាលពីថ្ងៃសៅរ៍ម្សិលមិញថា ប្រសិនបើគណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតនៅឆ្នាំ ២០២០ នោះពួកគេនឹងមិនយកចិត្តទុកដាក់ចំពោះប្រទេសអ៊ីស្រាអែលនោះទេ។

លោកថ្លែងដូច្នេះ នៅពេលដែលលោកលើកឡើងពីសកម្មភាពរបស់លោក ដែលគាំទ្រប្រទេសអ៊ីស្រាអែល ដើម្បីទាក់ទាញអ្នកបោះឆ្នោតដែលជាជនជាតិជ្វីហ្វឲ្យបោះឆ្នោតឲ្យលោកធ្វើជាប្រធានាធិបតីម្ដងទៀតនៅឆ្នាំក្រោយ។

ដោយថ្លែងនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃអង្គការសម្ព័ន្ធភាពជនជាតិជ្វីហ្វសាធារណរដ្ឋ លោក Trump បានសរសើរអំពីវិធានការរបស់លោកនៅក្នុងការប្ដូរទីតាំងស្ថានទូតអាមេរិកនៅប្រទេសអ៊ីស្រាអែលពីទីក្រុង Tel Aviv ទៅទីក្រុង Jerusalem និងសរសើរអំពីការទទួលស្គាល់កាលពីខែមុននូវអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ជម្លោះ Golan Heights ដែលជាតំបន់វាលទំនាបយុទ្ធសាស្ត្រមួយ ដែលអ៊ីស្រាអែលបានដណ្ដើមយកពីប្រទេសស៊ីរីកាលពីឆ្នាំ ១៩៦៧។

អង្គការនេះគាំទ្រដោយលោក Sheldon Adelson ដែលជាអ្នកឧបត្ថម្ភថវិកាដ៏ធំដល់គណបក្សសាធារណរដ្ឋ។ អង្គការនេះបានគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump កាលពីឆ្នាំ ២០១៦ និងត្រៀមចំណាយថវិការាប់លានដុល្លារទៀតជួយដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump នៅឆ្នាំ ២០២០ ខាងមុខនេះ។

លោក Trump និយាយដូច្នេះថា៖ «ខ្ញុំដឹងថា អង្គការសម្ព័ន្ធភាពជនជាតិជ្វីហ្វសាធារណរដ្ឋនឹងជួយគណបក្សរបស់ពួកយើងឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រម្ដងទៀត។ យើងត្រូវការអ្នកគាំទ្រគណបក្សសាធារណរដ្ឋបន្ថែមទៀត។ ប្រឹងឡើង យើងអាចឈ្នះអ្វីៗទាំងអស់»។

អ្នកបោះឆ្នោតជាជនជាតិជ្វីហ្វនៅក្នុងសហរដ្ឋអាមេរិកជាយូរមកហើយបានគាំទ្រខ្លាំងក្លាលើគណបក្សប្រជាធិបតេយ្យ ហើយជារឿយៗមានទស្សនៈបែបសេរីនិយម ប៉ុន្តែគណបក្សសាធារណរដ្ឋសង្ឃឹមថានឹងទាក់ទាញបានការគាំទ្រច្រើនជាងមុននៅក្នុងការបោះឆ្នោតឆ្នាំក្រោយ៕

XS
SM
MD
LG