អ្នកបញ្ចេញព័ត៌មានចេញពីសេតវិមានបានថ្លែងប្រាប់ក្រុមអ្នកស៊ើបអង្កេតសភាថាមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោកប្រធានាធិបតីត្រាំជាច្រើននាក់ បានផ្តល់ប័ណ្ណសន្តិសុខដល់មនុស្សយ៉ាងហោចណាស់២៥នាក់ ដែលអ្នកទាំងនេះមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់ បើទោះបីជាក្រុមអ្នកជំនាញផ្នែកត្រួតពិនិត្យប្រវត្តិរូបរបស់រដ្ឋាភិបាល បានបដិសេធមិនផ្តល់ឲ្យការអនុញ្ញាត ដោយសារតែក្តីបារម្ភមួយចំនួនក៏ដោយ។
អ្នកបញ្ចេញព័ត៌មានឈ្មោះ Tricia Newbold បានថ្លែងថា ក្រុមមន្ត្រីបានត្រួតពិនិត្យប្រវត្តិរូបដើម្បីផ្តល់ប័ណ្ណសម្គាល់ខ្លួនផ្នែកសន្តិសុខ បន្ទាប់ពីមន្ត្រីជំនាញផ្តល់អនុសាសន៍ថា ពួកគេត្រូវបានបដិសេធផ្តល់ប័ណ្ឌសន្តិសុខនេះ។ ក្នុងចំណោមមន្ត្រីទាំងនោះ រួមមានមន្ត្រីជាន់ខ្ពស់សេតវិមាន ចំនួន២រូប ដែលមិនត្រូវបានបញ្ចេញឈ្មោះ មន្ត្រីជាប់កិច្ចសន្យា ហើយនិងមន្ត្រីជំនួយការ ដែលធ្វើការងារក្នុងការិយាល័យរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៀតផង ។
Tricia Newbold ជាមន្ត្រីជើងចាស់ ដែលធ្វើការផ្នែកដំណើរការឆែកប្រវត្តិរូបសន្តិសុខអស់រយៈពេល ១៨ឆ្នាំ ក្រោមប្រធានាធិបតីមកពីខាងគណបក្សសាធារណរដ្ឋនិងខាងគណបក្សប្រជាធិបតេយ្យ បានប្រាប់ក្រុមអ្នកស៊ើបអង្កេតនៃគណៈកម្មាធិការសភាទទួលបន្ទុកត្រួតពិនិត្យ និងកំណែទម្រង់ កាលពីខែមុន នៅពេលលោកត្រាំ មានសិទ្ធិក្នុងនាមជាប្រធានាធិបតីដើម្បីច្រានចោលការបដិសេធរបស់មន្ត្រីជំនាញផ្នែកឆែកប្រវត្តិរូប និងផ្តល់ប័ណ្ណសន្តិសុខ ដែលនេះជាការឆែកប្រវត្តិរូបផ្លូវការ មិនត្រូវបានវិនិច្ឆ័យទៅតាមផលប្រយោជន៍នៃសន្តិសុខជាតិនោះទេ៕