ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ ​បាន​ព្រលយ​ពាក្យ​ថា​លោក​ប្រហែល​ទៅ​ទស្សនកិច្ច​អាហ្វហ្គានីស្ថាន


រូបឯកសារ (​កក្កដា ២០១៨)៖ ទាហាន​អាមេរិកក្នុង​​អង្គការ​អូតង់ និង​កង​កម្លាំង​កាម្ម៉ងដូ​អាហ្វហ្គានីស្ថាន កំពុង​ល្បាត​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ នៅ​ស្រុក Deh Bala ខេត្ត Nangarhar ប្រទេស​អហ្វហ្គានីស្ថាន។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ ​បាន​ថ្លែង​ទៅ​កាន់​សមាជិក​កងទ័ព​គ្រប់​សាខា​ទាំង​អស់​ដែល​​​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជូនពរ​បុណ្យ​សម្តែង​ការ​ដឹងគុណ​​ (Thanksgiving) ​និង​អរគុណ​ពួក​គេ​ចំពោះ​ការ​បម្រើ​ជាតិ។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ ​បាន​ថ្លែង​ទៅ​កាន់​សមាជិក​កងទ័ព​គ្រប់​សាខា​ទាំង​អស់​ដែល​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជូនពរ​បុណ្យ​សម្តែង​ការ​ដឹងគុណ (Thanksgiving) ​និង​អរគុណ​ពួក​គេ​ចំពោះ​ការ​បម្រើ​ជាតិ។

​ប៉ុន្តែ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា ​នៅ​ពេល​ណា​លោកនឹង​ទៅ​ជួប​ពួក​គេ​ដោយ​ផ្ទាល់ ​លោក​មិន​មាន​ចម្លើយ​ច្បាស់​លាស់​ទេ។ ​លោក​ប្រធានាធិបតី​បាន​ជូនពរ​ទាហាន​ការពារ​ដែន​សមុទ្រ​នៅ​ជិត​ផ្ទះ​របស់​លោកនៅ​ Palm Beach ​រដ្ឋ Florida​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

តុបាយ​នៅ​ពេល​បុណ្យ​សម្តែង​ការ​ដឹងគុណ Thanksgiving នៅ​ស.រ.អា.​ជា​ធម្មតា​មាន​ម្ហូបមាន់​ Turkey ​ដុត​ជាមួយ​គ្រឿង​ដែល​មាន​រសជាតិ​ឆ្ងាញ់ ​និង​មានមុខម្ហូប​ជា​ច្រើន​និង​បង្អែម​នំ​ល្ពៅ។​ តែ​តុបាយ​បុណ្យ​សម្តែង​ការ​ដឹងគុណ​ Thanksgiving នៅ​មូលដ្ឋាន​យោបាយ​ Coast Guard Station Lake Worth Inlet ​មាន​តែនំ​ស៊ាំងវិច​ ​ផ្លែ​ឈើ​និង​ភេសជ្ជៈ​យក​ពីនាវា​មុជ​ទឹក។ ​លោក​ ត្រាំ ​បាន​និយាយ​ជា​មួយ​ទាហាន​ទាំង​នោះ​និង​បាន​ថតរូប​ជាមួយ​គ្នា។

នៅ​ពេល​មុន​នោះ ​លោកបាន​ធ្វើសន្និសីទ​តាម​ទូរស័ព្ទជាមួយ​ទាហាន​អាមេរិក ​ដែល​ប្រចាំការនៅ​ក្រៅ​ប្រទេស ដោយ​លោក​ថ្លែង​ថា៖ «ប្រទេស​ជាតិ​កំពុង​ដំណើរ​ការល្អ​ខាង​សេដ្ឋកិច្ច​ ល្អ​ប្រសើរ​ជាង​ប្រទេសដទៃ​ក្នុង​ពិភព​លោក។ ​យើង​គឺ​ជា​ប្រទេស​សំខាន់​ក្នុង​ពិភព​លោក​ហើយ​វាល្អ​ដែល​ដឹង​ថា​ អ្នក​កំពុង​ប្រយុទ្ធ។ ​អ្នក​កំពុង​ប្រយុទ្ធ​ដើម្បីអ្វី​ដែល​កំពុង​ដំណើរការ​ល្អ​ ហើយ​នោះ​គឺ​ប្រទេស​របស់​យើង»។​

ជា​ធម្មតា​កំឡុង​ថ្ងៃ​ឈប់​សម្រាក​ ប្រធានាធិបតី​អាមេរិក​ត្រូវ​និយាយ​សួរសុខ​ទុក្ខ​ទាហាន​ដែល​ទៅ​បំពេញ​ភារកិច្ចឆ្ងាយ​ពី​ផ្ទះ។ ​ពេល​ខ្លះ​ពួក​គេធ្វើ​ទស្សន​កិច្ច​ដោយ​ផ្ទាល់ ​ដូច​ដែល​លោក​អតីត​ប្រធានាធិបតី ​George W. Bush​ ធ្លាប់​បាន​ធ្វើនៅ​ឆ្នាំ​២០០៣​ ដែល​ធ្វើឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​ពេល​លោកទៅ​សួរ​សុខ​ទុក្ខ​ទាហាន​នៅ​អ៊ីរ៉ាក់​នៅ​ពេល​បុណ្យ​សម្តែង​ការ​ដឹង​គុណ ​Thanksgiving ដោយ​មិន​ឲ្យ​ដឹង​មុខ។ លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ធ្វើ​ទស្សនកិច្ច​ទាហាន​អាមេរិក​នៅ​ក្រៅ​ប្រទេស​ក្នុង​ឱកាស​ជាច្រើន។​ លោក​ ត្រាំ ​ត្រូវ​បាន​រិះ​គន់​ចំពោះ​ការ​មិន​ទាន់​ទៅ​សួរ​សុខ​ទុក្ខកង​ទ័ព​អាមេរិក​នៅ​បរទេស។​

នៅ​ពេល​ត្រូវ​បាន​គេសួរ​ថា​ តើ​លោក​មាន​គម្រោង​ទៅ​អាហ្វហ្គានីស្ថាន​ទេ?​ ​លោក​បាន​ឆ្លើយ​ថា៖ «យើង​នឹង​ធ្វើ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នៅ​ពេល​សម​ស្រប»។​

នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា ​តើ​លោក​ដឹងកាល​បរិច្ឆេទ​ពិត​ប្រាកដ​ទេ?​ លោក​ប្រធានាធិបតី​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ថ្ងៃទៅ ​ប៉ុន្ដែ​ខ្ញុំ​មិន​អាច​ប្រាប់អ្នក​បាន​ទេ» ។​

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​នៅ​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​ឆ្នាំ​២០០១ ​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជូន​កងទ័ព​ទៅ​អាហ្វហ្គានីស្ថានដើម្បី​បណ្តេញ​ពួកតាលីបង់​ចេញ​ពី​អំណាច។ ពួក​តាលីបង់​ ​កំពុង​ធ្វើ​សង្គ្រាម​ជាថ្មី​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថានដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក។ ​ថ្មីៗនេះ​ បេសកជន​ម្នាក់​របស់​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​កិច្ច​ចរចា​ដោយ​ផ្ទាល់ជា​មួយ​ពួក​តាលីបង់។ ​

លោក​ប្រធានាធិបតី​និយាយ​ថា៖ «យើង​កំពុង​ធ្វើ​ការ​ចរចា​យ៉ាង​ស្វិត​ស្វាញនៅ​អាហ្វហ្គានីស្ថាន​នា​ពេល​ឥឡូវ​នេះ​ ដែល​មនុស្ស​ជាច្រើន​មិន​ដឹង​អំពី​រឿង​នេះ។ ​នេះ​អាច​ជា​ការ​ចរចា​លើក​ដំបូង»។​

ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​ទទួល​ស្គាល់​ថា ​កិច្ច​ចរចា​នេះ​អាច​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ។ ​

«ខ្ញុំ​មិន​ដឹង​ថា ​ពួក​គេ​នឹង​ទទួល​ជោគជ័យ​ឬយ៉ាង​ណា​ទេ។ ​ប្រហែល​ជា​អត់​ទេ។​ គ្នាន​អ្នក​ណា​ដឹង​ទេ។ ​ពួក​គេ​អាច​ទទួល​បាន​ជោគជ័យ​ឬ​មិន​ទទួល​បាន​ជោគ​ជ័យ» ។​

បេសក​កម្មយោធា​នៅ​អាហ្វហ្គានីស្ថាន​បាន​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​ខាត​បង់​ប្រាក់​ជិត​១​លាន​លាន​ដុល្លារ​ហើយបាត់​បង់​ជីវិត​ទាហាន​អាមេរិក​ជាង​២៤០០​នាក់៕

លោក ពិន ស៊ីសុវណ្ណប្រែសម្រួល​

XS
SM
MD
LG