ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ឡើងសវនាការសំណុំរឿងព្រហ្មទណ្ឌដំបូង


រូបឯកសារ៖ អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ (Pool via REUTERS)
រូបឯកសារ៖ អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ (Pool via REUTERS)

ការ​ជ្រើសរើស​គណៈវិនិច្ឆ័យ​តុលាការ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​សវនាការ​កាត់ទោស​នៅរដ្ឋ New York លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​បន្លំ​ឯកសារ​អាជីវកម្ម​ដើម្បី​លាក់បាំង​ការ​បង់​លុយ​បំបិទ​មាត់​តារា​ភាពយន្ត​អាសអាភាស។

លោក Trump គឺ​ជា​អតីត​ប្រធានាធិបតី​អាមេរិក​លើក​ដំបូង​បង្អស់​ដែលប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​និង​ការ​អាច​ជាប់​ពន្ធនាគារ ប្រសិនបើ​លោក​ត្រូវបាន​ផ្ដន្ទាទោស។

លោក Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​គេ​សន្មតទុក​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ​នឹង​មើល​ដំណើរការ​សវនាការ​នេះ​ចេញ​ពី​តុ​របស់​ចុងចោទ​នៅ​ក្នុង​សវនាការ​មួយ​ដែល​អាច​ធ្វើឡើង ៤ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ក្នុង​រយៈពេល​មួយ​ខែ​កន្លះ​ខាងមុខ។

លោក​អាច​ដើរ​តួ​ធ្វើជា​សាក្សី​ផ្ដល់​សក្ខីកម្ម​បាន​ដើម្បី​ការពារ​ខ្លួន​លោក​ផ្ទាល់ ប្រសិនបើ​លោក​ចង់ អាស្រ័យ​លើ​ថាតើ​លោក​និង​មេធាវី​របស់​លោក​យល់ឃើញ​យ៉ាង​ដូចម្ដេច​ចំពោះ​ភ័ស្តុតាង​របស់​រដ្ឋអាជ្ញា។

លោក Trump ដែល​កាន់តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​ដើម​ឆ្នាំ ២០១៧ ដល់​ខែ​មករា​ឆ្នាំ ២០២១ បាន​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត​លើ​ការ​កាត់ទោស​រូប​លោក​នេះ។ លោក​បាន​រិះគន់​រឿង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ Truth Social របស់​លោក​កាលពី​សប្ដាហ៍​មុន​ថា៖ «គ្មាន​រឿង​ដូចនេះ​ធ្លាប់​កើតឡើង​នៅ​ក្នុង​ប្រទេស​របស់​យើង​ពី​មុន​មក​ទេ។ នៅ​ថ្ងៃ​ចន្ទ ខ្ញុំ​នឹង​ត្រូវគេ​បង្ខំ​ឱ្យ​អង្គុយ​និង​ចុកមាត់​នៅ​ពីមុខ​ចៅក្រម​វង្វេងវង្វាន់​គ្មាន​ចិត្តបរិសុទ្ធ ដែល​ស្អប់​គុំកួន​ខ្ញុំ​គ្មាន​ដែន​កំណត់»។

ចាប់តាំងពី​ពេល​ដែល​គេ​តម្រូវ​ឱ្យ​លោក​បង្ហាញ​ខ្លួន​នៅ​តុលាការ​មក សំណុំរឿង​នេះ​អាច​នឹង​ស្ទើរតែ​ធ្វើ​ឱ្យ​លោក​មិន​អាច​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ផ្ទាល់​យ៉ាង​ពិត​ប្រាកដ​បាន​សម្រាប់​រយៈពេល​ភាគច្រើន។

លោក​កំពុង​ព្យាយាម​ដណ្ដើម​គ្រប់គ្រង​សេតវិមាន​វិញ​ពី​លោក​ប្រធានាធិបតី Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ។ លោក Biden បាន​យក​ឈ្នះ​លើ​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០ ទោះបីជា​លោក Trump បាន​អះអាង​ទាំង​មិន​ត្រឹមត្រូវ​មកទល់​នឹង​ពេល​នេះ​ថា លោក​ត្រូវបាន​គេ​បន្លំ​មិន​ឱ្យ​កាន់​អំណាច​ជា​ប្រធានាធិបតី ៤ ឆ្នាំ​ទៀត​ដោយសារ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក៏ដោយ។

លោក Trump រង​ការ​ចោទ​ប្រកាន់​ថា​បាន​លាក់បាំង​លុយ​បំបិទមាត់​ចំនួន ១៣០.០០០ ដុល្លារ ដែល​លោក​បាន​បង់​ឱ្យ​តារា​ភាពយន្ត​អាសអាភាស​ឈ្មោះ Stormy Daniels ហើយ​នៅក្នុង​សំណុំរឿង​ទី​ពីរ បទ​ចោទ​ប្រកាន់​នោះ​បាន​បញ្ជាក់​ថា អតីត​តារា​ម៉ូដែល​ស្រី Playmate of the Year ឈ្មោះ Karen McDougal ថា​ខ្លួន​ធ្លាប់​បាន​ស្និទ្ធស្នាល​ល្អូកល្អើន​រាប់​ខែ​ជាមួយ​នឹង​លោក Trump និង​ត្រូវបាន​កាសែត​មួយ​ដែល​ទិញ​សិទ្ធិ​ពាក់ព័ន្ធ​នឹង​អត្ថបទ​ចុះផ្សាយ​អំពី​រឿងរ៉ាវ​របស់​ខ្លួន​នេះ​បង់​លុយ​ចំនួន ១៥០.០០០ ដុល្លារ​ឱ្យ​ខ្លួន ហើយ​បន្ទាប់មក​បាន​លុបចោល​អត្ថបទ​នោះ​តាម​ការ​ជំរុញ​របស់​លោក Trump៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG